(កំពង់ចាម)៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ចាម បានឲ្យ Fresh News ដឹងនៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦នេះថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ដោយរថយន្តក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុន អង្គរអ៉ិចស្ព្រេស ផ្ទុកអ្នកដំណើរ៣៩នាក់ ក្នុងនោះមានជនជាតិបរទេស១៨នាក់ និង ជនជាតិខ្មែរ២១នាក់ បានបុកគោយន្តកន្ត្រៃ ពីក្រោយពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៤នាក់។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់នេះ បានកើឡើងនៅម៉ោង៣៖៣០នាទី ទៀបភ្លឺថ្ងៃ៤ ខែមករា ឆ្នាំ២០១៦នេះ នៅលើផ្លូវលេខ៧១ ចំនុចភូមិ២២ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។ ដោយរថយន្តក្រុងពណ៌លឿងទុំ របស់ក្រុមហ៊ុនអង្គរអ៉ិចស្ព្រេស ពាក់ស្លាកលេខ ភ្នំពេញ 3A-8915 (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ និងអាស័យដ្ឋាន រត់គេចខ្លួនបាត់) បើកបរពីខេត្តសៀមរាប ទៅរាជធានីភ្នំពេញ ហើយបានបើកជែង ក្នុងស្ថានភាពគ្រោះថ្នាក់ រហូតទៅបុកពីក្រោយគោយន្ត ពណ៌ក្រហម ដែលមានបើកបរដោយឈ្មោះ លន់ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិឈូក ឃុំតាប្រុក ស្រុកចំការលើ រួមដំណើរជាមួយ ២នាក់៖ ១.ឈ្មោះ ឈាវ ថាត ភេទប្រុស អាយុ១៨ឆ្នាំ និង២.ឈ្មោះ ឈាវ តឿ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិរំចេក ឃុំតាប្រុក ស្រុកចំការលើ បណ្តាលឲ្យរបួសមនុស្ស៤នាក់ ក្នុងរបួសធ្ងន់ម្នាក់ឈ្មោះ លន់។
សមត្ថកិច្ចបញ្ជាក់ទៀតថា បច្ចុប្បន្នរថយន្តក្រុង និងគោយន្ត ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋានស្រុកចំការលើ។ ចំណែកឯអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុងស្រាវជ្រាវ តាមចាប់ជនបង្កមក ផ្តន្ទាទោសតាមច្បាប់៕