(កំពង់ចាម)៖ ភ្ញៀវទេសចរលើកប៉ាល់ Viking Cruise Journey ចំនួន ៥៣នាក់ ក្នុងចំណោមជាង ៦០នាក់ ដែលចូលសំចតនៅខេត្ដកំពង់ចាម ត្រូវបានអនុញ្ញាតឲ្យចាកចេញពីសណ្ឋាគារមេគង្គ នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ ដើម្បីបង្កលក្ខណៈឲ្យពួកគាត់ត្រឡប់ទៅប្រទេសកំណើតវិញ បន្ទាប់ពីត្រូវបានទុកដាច់ដោយឡែករយៈពេល ១៤ថ្ងៃ និងក្រោយពីការធ្វើតេស្ត រកមិនឃើញ COVID-19 ចំនួន៣លើកមកហើយនោះ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោយពីបានយកសំណាកពិនិត្យចំនួន ៣លើក និងបានដាក់ឲ្យស្នាក់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃរួចមក នៅល្ងាចថ្ងៃនេះ រដ្ឋបាលខេត្ត និងមន្ត្រីសុខាភិបាល បានសម្រេចអនុញ្ញាតឲ្យក្រុមអ្នកទេសចរចំនួន ៥៣នាក់ អាចចាកចេញពី សណ្ឋាគារមេគង្គ ឆ្ពោះទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ។
បើតាមលោកអភិបាលខេត្តកំពង់ចាម សម្រាប់ក្រុមភ្ញៀវទេសចរទាំង ៥៣នាក់នេះ ក្រសួងសុខាភិបាល តាមរយៈមន្ទីរសុខាភិបាលខេត្ត បានចេញលិខិតបញ្ជាក់ពីសុខភាពរបស់ពួកគេ ដើម្បីបង្ហាញជូនមន្រ្តីពាក់ព័ន្ធពេលធ្វើដំណើរ ត្រឡប់ទៅកាន់ស្រុកកំណើតវិញ។ យ៉ាងណាក៏ដោយ សម្រាប់ក្រុមភ្ញៀវទេសចរចំនួន ៤នាក់ទៀត ត្រូវបានបន្តទុកពិនិត្យ និងតាមដានបន្តទៀត ពីក្រុមមន្រ្តីសុខាភិបាល។
គួរជម្រាបថា អ្នកដំណើរនៅលើកប៉ាល់ Viking Cruise Journey ដែលចូលចតនៅប្រទេសកម្ពុជា ក្រោយមកពីប្រទេសវៀតណាម ត្រូវបានរកឃើញវិជ្ជមាន COVID-19 ចំនួន ៣នាក់។ ក្រោយយកមកដាក់ឲ្យពិនិត្យព្យាបាល នៅរាជធានីភ្នំពេញ រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ស្ដ្រីជនជាតិអង់គ្លេសម្នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញផងដែរ។
អ្នកវិជ្ជមាន COVID-19 នៅលើ Viking Cruise Journey រួមមាន៖
*ទី១៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម (ជាសះស្បើយ)
*ទី២៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
*ទី៣៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។
គួរជម្រាបថា រហូតមកទល់ពេលនេះ កម្ពុជាបានរកឃើញ ករណីឆ្លងជំងឺកូវីដ សរុបចំនួន៨៧ករណី ដែលក្នុងនោះមាននារី២២នាក់ និងបុរស៦៥នាក់ ដែលមានជនជាតិខ្មែរ៣៥នាក់ និងជនបរទេស៥២នាក់៕