(ភ្នំពេញ)៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា ចិន-កម្ពុជា គឺជាសហគមន៍ដែលរួមជោគវាសនាតែមួយនៅក្នុងគ្រាលំបាកបំផុត នៃការតស៊ូប្រយុទ្ធប្រឆាំងនឹងជំងឺ នឹងការរីករាលដាលពីប្រទេសចិន កម្ពុជាក៏បានប្រកាន់ជំហរដ៏រឹងមាំ និងជំនះរាល់ការលំបាកជាមួយគ្នា ដូចនេះស្ថានទូតចិន ប្រចាំកម្ពុជា នឹងតាមដានយ៉ាងដិតដល់ និងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយមន្ទីរសុខាភិបាលកម្ពុជា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃជំងឺរាតត្បាតនៅកម្ពុជា។
លោក Wang Wentian បានបញ្ជាក់យ៉ាងដូចនេះ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសដែលលោក រួមទាំងលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង សុខាភិបាល បានអញ្ជើញមក ទទួលដំណើរអ្នកជំនាញវេជ្ជសាស្រ្តជនជាតិចិន ប្រឆាំងនឹងការឆ្លងរាតត្បាតនៃជម្ងឺ COVID-19 ចំនួន ៧នាក់ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយនាំមកជាមួយនូវជំនួយចំនួន ៨,១តោន រួមមាន៖ ម៉ាសវេជ្ជសាស្រ្ត, ម៉ាស N95, សម្លៀកបំពាក់ការពារវីរុស, ទែម៉ូម៉ែត្រ និងសម្ភារៈផ្សេងៗទៀតយ៉ាងច្រើន ជូនដល់ភាគីកម្ពុជា។
លោក Wang Wentian បានបញ្ជាក់ទៀតថា យោងតាមតម្រូវការ នៃការការពារការរាតត្បាតនៅកម្ពុជា ប្រទេសចិននឹងបន្តផ្តល់ជំនួយជាសម្ភារចាំបាច់ និងការគាំទ្រ ខាងវេជ្ជសាស្ត្រ នាពេលអនាគត ហើយវិធានការទាំងអស់នេះ នឹងជួយលើកកម្ពស់សមត្ថភាពរបស់ប្រទេសកម្ពុជា ក្នុងការការពារ និងគ្រប់គ្រងការរាតត្បាតនៃជម្ងឺនេះ។
លោក Ai Xiang ប្រធានក្រុមជំនួយវេជ្ជសាស្រ្តចិននៅកម្ពុជា បានឱ្យដឹងដែរថា ភារកិច្ចចម្បងរបស់ក្រុមគ្រូពេទ្យចិន គឺដើម្បីចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាការណែនាំដល់ការការពារ និងការត្រួតពិនិត្យការរាតត្បាត ការព្យាបាលអ្នកជំងឺកម្រិតស្រាល និងមធ្យម និងការងារមន្ទីរពិសោធន៍ផងដែរ ព្រមទាំងផ្តល់ជា ការណែនាំ និងជំនួយផ្នែកវេជ្ជសាស្រ្តផ្សេងៗទៀត ដល់ស្ថានទូតចិន សហគ្រាស និស្សិត និងជនជាតិចិនទាំងអស់ប្រចាំនៅកម្ពុជា។
លោក Ai Xiang បានឱ្យដឹងទៀតថា តាមរយៈការប្រើប្រាស់ប្រព័ន្ធ Huawei Cloud Welink ពិតជាបានជួយដល់ក្រុមគ្រូពេទ្យចិននៅកម្ពុជា ដោយការភ្ជាប់ទំនាក់ទំនងគ្នា តាមរយៈសន្និសីទវីដេអូ ជាមួយនឹងគណៈកម្មាការសុខាភិបាល និងអ្នកជំនាញនៃមន្ទីរពេទ្យនៅក្នុងប្រទេសចិន ក្នុងការចែករំលែកព័ត៌មាន ការបែងចែកការងារ ជាពិសេសចំណេញពេលវេលា ក្នុងការងារបង្ការការរីករាលដាលនេះ ដើម្បីជួយសម្រួលដល់ដំណើរការការងារប្រយុទ្ធប្រឆាំង នឹងជំងឺ Covid19នេះ ឱ្យកាន់តែមានប្រសិទ្ធភាព ជាងមុន។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានឱ្យដឹងដែរថា នេះគឺជាការបង្ហាញឱ្យឃើញនូវចំណងមិត្តភាពរវាងកម្ពុជា និងចិន ដោយសាមគ្គីភាព និងភាតរភាព។ ប្រទេសចិន មានបទពិសោធន៍ក្នុងការប្រយុទ្ធ ប្រឆាំងនឹងការរាតត្បាតជំងឺរលាកសួតថ្មីនេះ ដូចនេះបុគ្គលិកពេទ្យកម្ពុជានឹងរៀនសូត្រពីអ្នកជំនាញចិន។ ក្នុងនាមជារាជរដ្ឋាភិបាលកម្ពុជា លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិន ដែលបានអញ្ជើញមកកម្ពុជាផងដែរ
សូមបញ្ជាក់ថា ក្រុមអ្នកជំនាញចិនទាំងអស់នេះត្រូវបានបង្កើតឡើងដោយគណៈកម្មាធិការជាតិ និងសុខភាពចិន នឹងត្រូវបានជ្រើសរើសដោយគណៈកម្មាធិការសុខាភិបាល និងសុខភាពនៃតំបន់ស្វយ័តក្វាងស៊ី ដែលគ្របដណ្តប់លើជំនាញរួមមាន៖ ការការពារនឹងការរាតត្បាត ការធ្វើរោគវិនិច្ឆ័យ និងការធ្វើតេស្ត ក្នុងមន្ទីរពិសោធន៍ជាដើម៕