(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រឆាំងជំងឺ COVID-19 ខេត្ត នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ បានចាត់ឱ្យក្រុមការងាររបស់ខ្លួន បើកយុទ្ធនាការតាមបណ្ដាលស្រុក-ក្រុងទូទាំងខេត្ត ប្រើមេក្រូផ្សព្វផ្សាយអំពីវិធីសាស្រ្តការពារ និងទប់ស្កាត់ការឆ្លងរាលដាលពីជំងឺ COVID-19។
អនុវត្តតាមការណែនាំរបស់ប្រធានគណៈកម្មការប្រឆាំងជំងឺ COVID-19 ខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែមីនានេះ សមត្ថកិច្ចកងកម្លាំង នៃរដ្ឋបាលស្រុកបាធាយ បានប្រើប្រាស់រថយន្ត និងមេក្រូបំពងសំឡេងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ ដែលជាពលករ ទើបវិលត្រឡប់មកដល់ផ្ទះវិញ ត្រូវរស់នៅដាច់ដោយឡែកពីក្រុមគ្រួសារ រយៈពេល ១៤ថ្ងៃសិន ដើម្បីឱ្យប្រាកដថាខ្លួនមិនមានផ្ទុកជំងឺ COVID-19 និងដើម្បីកុំឱ្យឆ្លងជំងឺនេះ ទៅក្រុមគ្រួសារ ក្នុងករណីដែលខ្លួនមានផ្ទុកជំងឺនេះ។
ដោយឡែក អ្នកដែលមានអាការៈគួរឱ្យសង្ស័យ ដូចទៅនឹងរោគសញ្ញានៃជំងឺ COVID-19 ត្រូវប្រញ៉ាប់រាយការណ៍ ទៅមន្រ្តីសុខាភិបាល តាមរយៈទូរស័ព្ទលេខ១១៥ ឬទៅកាន់មណ្ឌលសុខភាពផ្ទាល់ ដែលនៅជិតផ្ទះរបស់ខ្លួន ដើម្បីឱ្យក្រុមគ្រូពេទ្យពិនិត្យ និងព្យាបាលឱ្យទាន់ពេលវេលា។
ម្យ៉ាងទៀត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ គោរពតាមសារចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19 ផងដែរ។ ដូច្នេះ ដើម្បីទប់ស្កាត់កុំឱ្យមានការចម្លងជំងឺនេះ ក៏ដូចជាដើម្បីជួយសង្គ្រោះ និងព្យាបាលដល់ជនរងគ្រោះដែលមានផ្ទុកជំងឺនេះ ឱ្យបានទាន់ពេលវេលាផងដែរ។
ជាមួយគ្នានេះដែរ តាមមន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាម បានឱ្យដឹងថា ប្រធានគណៈកម្មការប្រឆាំងជំងឺCOVID-19 ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំឱ្យមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវចុះផ្សព្វផ្សាយនៅតាមភូមិ និងតាមខ្នងផ្ទះ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមការពារទប់ស្កាត់ជំងឺ COVID-19 នេះ ទាំងអស់គ្នា៕