(ត្បូងឃ្មុំ)៖ បន្ទាប់ពីការផ្ទុះរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចាត់វិធានការដោយរដ្ឋបាលក្រុង ស្រុកទាំង៧ គ្រប់មូលដ្ឋានទូទាំងខេត្ត សហការជាមួយមន្ទីរសុខាភិបាល ក៏ដូចជាមន្ត្រីសុខាភិបាលតាមមូលដ្ឋាន ធ្វើការចុះផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹង ស្តីពីវិធានការការពារ ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ (COVID-19) នេះ។
ការផ្សព្វផ្សាយនេះ បានធ្វើឡើងនៅក្រុង ស្រុកទាំង០៧ ទូទាំងខេត្ត តាមគ្រប់មធ្យោបាយ ដោយមន្ត្រីជំនាញ សហការជាមួយមន្ត្រីសុខាភិបាល ក្រុមគ្រូពេទ្យចុះពន្យល់ណែនាំ ពិសេសការចាក់សារនានាតាមបមរព័ន្ធឃោសនស័ព្ទ ដោយម៉ៃក្រូ តាមរ៉ឺម៉ក់កង់បី ក៏ដូចជាតាមម៉ូតូជាដើម។
ជាមួយនឹងការយកចិត្តទុកដាក់ពីសំណាក់ លោក ជាម ច័ន្ទសោភ័ណ បានរៀបចំកន្លែងពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន០៤ទីតាំង ទី១៖ មន្ទីរពេទ្យបង្អែកពញាក្រែក, ទី២៖ មន្ទីរពេទ្យបង្អែកមេមត់, ទី៣៖ មន្ទីរពេទ្យបង្អែក ព្រះនរោត្តមសីហនុត្បូងឃ្មុំ និងទី៤៖ សណ្ឋាគារ ឆៃណាមេមត់ មាន៥០បន្ទប់ គ្រែ០២ ១២បន្ទប់ និងគ្រែ០១ ៣៨បន្ទប់។
លោកអភិបាលខេត្ត ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អភិបាលក្រុងស្រុកទាង០៧ និងមន្ទីរសុខាភិបាលខេត្ត ជាពិសេសមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ក៍ដូចជាអំពាវនាវឲ្យពលរដ្ឋរក្សាអនាម័យជាប់ជាប្រចាំ លាងដៃនឹសាប៊ូឫអាកុល ពាក់ម៉ាស់ការពារ និងសូមកុំជួបជុំគ្នាក្នុងដំណាក់កាលនេះ ។
លោកបានបញ្ជាក់បន្ថែមថា ជាពិសេសប្រជាពលរដ្ឋដែលទើបតែវិលត្រឡប់មកពីក្រៅប្រទេសវិញ ត្រូវនៅដាច់ដោយឡែកពីអ្នកដទៃរយៈពេល១៤ថ្ងៃ នឹងបន្តតាមដានសុខភាពខ្លួនឯង។ ប្រសិនបើសង្ស័យថា ខ្លួនមានផ្ទុកនូវវីរុស COVID-19 សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ១១៥ ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត។
គួរជម្រាបថា គិតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨៧នាក់ (ស្រី២២នាក់ ប្រុស៦៥នាក់) ដែលក្នុងនោះជនជាតិខ្មែរ៣៥នាក់ និងជនបរទេស៥២នាក់។ ទោះជាយ៉ាងនេះក្តី ក្នុងចំណោមអ្នកជំងឺ៨៧នាក់នោះ ក៏មាន២នាក់ផងដែរ ត្រូវបានព្យាបាលជាសះស្បើយ នោះគឺជនជាតិចិនមកពីទីក្រុងវូហាន និងស្រ្តីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំ៕