Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹកនេះគេហទំព័រប្រើសម្រាប់ចុះបញ្ជីពាណិជ្ជកម្ម ត្រូវបានដាក់ឲ្យដំណើរការហើយ

04-01-2016 10:12

(ភ្នំពេញ)៖ គេហទំព័រ http://www.businessregistration.moc.gov.kh ប្រើសម្រាប់ចុះបញ្ជីពាណិជ្ជកម្មត្រូវបានដាក់ឲ្យដំណើរ ការហើយនៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦នេះ ដែលនឹងធ្វើឲ្យពាណិជ្ជករកាន់តែងាយស្រួលក្នុងការចុះបញ្ជីឈ្មោះក្រុមហ៊ុន  របស់ខ្លួន ជាពិសេសចំណេញពេលវេលា និងកាត់បន្ថយការចំណាយផងដែរ។

សូមបញ្ជាក់ថា នៅពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានបង្កើតនូវប្រព័ន្ធស្វ័យប្រវត្តកម្មសម្រាប់ចុះបញ្ជីពាណិជ្ជកម្មនៅតាមប្រ  ព័ន្ធអនឡាញ ដែលមិនតម្រូវឲ្យម្ចាស់ក្រុមហ៊ុនធ្វើដំណើរទៅកាន់ក្រសួងពាណិជ្ជកម្ម ដើម្បីចុះបញ្ជីឈ្មោះក្រុមហ៊ុនរបស់ខ្លួននោះ  ឡើយ។ ពាណិជ្ជករអាចចុះឈ្មោះ បញ្ជីក្រុមហ៊ុនរបស់ខ្លួននៅគ្រប់ទីកន្លែងទាំងអស់ ឲ្យតែមានកុំព្យូទ័រ និងអ៊ីនធើណេត។

កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសតម្រូវឲ្យម្ចាស់ក្រុមហ៊ុនទាំងអស់ ពោលទាំងអ្នក បានចុះបញ្ជីពាណិជ្ជកម្មហើយ និងអ្នកមិនទាន់ចុះបញ្ជី ត្រូវតែចូលទៅចុះបញ្ជីឈ្មោះក្រុមហ៊ុននៅក្នុងប្រពន្ធស្វ័យប្រវត្តកម្មនេះ។

ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ត្រូវបានចំណាយពេលរៀបចំឡើងរយៈពេល ៦ខែ និង ចំណាយថវិការហូតដល់  ៧៥ម៉ឺនដុល្លារ។

ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ធ្លាប់បានថ្លែងថា ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនទ្បាញ  បានបង្កើតភាពងាយស្រួលទ្វេដង ចំពោះអ្នកវិនិយោគទុនទាំងក្នុង និង ក្រៅប្រទេស ពោលទីកន្លែងណាមានអ៊ីនធឺណេត នឹងអាច  ចុះបញ្ជីពាណិជ្ជកម្មបានគ្រប់ពេលវេលា ដោយមិនចាំបាច់មកក្រសួងពាណិជ្ជកម្មនោះទេ។ ជាពិសេសប្រព័ន្ធថ្មី បានបង្កើនល្បឿន  នៃការចុះបញ្ជីពាណិជ្ជកម្ម បានកាន់តែលឿន ពោលចំណាយពេលយ៉ាងយូរបំផុតត្រឹមតែ ១ម៉ោងប៉ុណ្ណោះ ខណៈការចុះបញ្ជី ដោយដៃនាពេលកន្លងទៅ ត្រូវចំណាយពេលរហូតដល់ ៥ ទៅ ៦ថ្ងៃ។

ក្រសួងពាណិជ្ជកម្មក្នុងអាណត្តិរបស់លោក ស៊ុន ចាន់ថុល ជារដ្ឋមន្រ្តី ដើម្បីកែសម្រួលភាពស្មុគស្មាញសម្រាប់អ្នកវិនិយោគទុន  នៅឆ្នាំ២០១៥នេះ ប្រព័ន្ធដំណើរការតាមប្រព័ន្ធអនឡាញចំនួនពីរ ត្រូវបានក្រសួងពាណិជ្ជកម្មដាក់ឲ្យដំណើរការ រួមមាន៖ ការ បញ្ជាក់ប្រភពទំនិញ (CO) ដែលដាក់ឲ្យដំណើរការកាលពីអំឡុងពាក់កណ្តាលឆ្នាំ២០១៥ និង ការចុះបញ្ជីពាណិជ្ជកម្ម ដែលដាក់ ឲ្យដំណើរការនៅចុងឆ្នាំ២០១៥៕

ខាងក្រោមគឺជាវីដេអូបង្ហាញពីវិធី ក្នុងការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ៖

វីដេអូ បង្ហាញពីការចុះបញ្ជីពាណិជ្ជកម្ម តាមប្រព័ន្ធស្វ័យប្រវត្កកម្ម

 

Posted by Fresh News on Friday, January 1, 2016