(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ បានដាក់លិខិតផ្លូវការស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អន្ដរាគមន៍លើការពន្យាពេលក្នុងការបង់បំណុលរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានខ្ចីថវិកាធ្វើដើមទុនរកស៉ីពីធនាគារឯកជនមួយរយៈសិន ដោយសារការរីករាលដាលនៃជំងឺ COVID-19 ធ្វើឲ្យពួកគាត់ខាតបង់ក្នុងមុខរបរ។
តាមលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានលោក ពេជ្រ ស្រស់ បានមើលឃើញថា មេរោគ COVID-19 បានឆ្លងមកប្រទេសកម្ពុជា ធ្វើឲ្យប៉ះពាល់ ដល់ការរកស៉ីរបស់ ប្រជាពលរដ្ឋខ្មែរ ជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ, អាជីវករ, ពាណិជ្ជករខ្នាតតូច ជាហេតុនាំឲ្យមុខរបរ និងអាជីវកម្មរបស់ពួកគាត់ ជួបវិបត្តិយ៉ាងធ្ងន់ធ្ងរបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ ហើយធ្វើឲ្យពួកគាត់គ្មានលទ្ធភាពបង់បំណុល ជូនធនាគារឯកជនដែលពួកគាត់បានខ្ចីនោះឡើយ។
លោក ពេជ្រ ស្រស់ បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន ជួយដល់ប្រជាពលរដ្ឋខ្មែរមួយចំនួនធំ កំពុងតែជួបការលំបាកយ៉ាងខ្លាំង ក្នុងការចេញស្វែងរកប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់គ្រួសារប្រចាំថ្ងៃ ក៏ដូចជាការបង់បំណុលជូនធនាគារឯកជន អំឡុងពេលមេរោគ COVID-19 ឆ្លងយ៉ាងលឿននៅក្នុងកម្ពុជា។
គួរជម្រាបថា រហូតមកទល់ពេលនេះ កម្ពុជាបានរកឃើញ ករណីឆ្លងជំងឺកូវីដ សរុបចំនួន៨៧ករណី ដែលក្នុងនោះមាននារី២២នាក់ និងបុរស៦៥នាក់ ដែលមានជនជាតិខ្មែរ៣៥នាក់ និងជនបរទេស៥២នាក់៕