(ភ្នំពេញ)៖ ស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានប្រគល់សំលៀកបំពាក់ និងស្រោមដៃពេទ្យជាច្រើន ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលវីរុស COVID-19។
ពិធីប្រគល់ទទួលធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ នៅស្ថានទូតចិន ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ឆាង ភីង មន្ត្រីទំនាក់ទំនងការងារផ្នែកនគរបាល អមស្ថានទូតចិនប្រចាំកម្ពុជា តំណាងលោក WANG WEN TIAN ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ ក៏បាននាំយកនូវលិខិតថ្លែងអំណរគុណរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់ភាគីចិន ដែលមានខ្លឹមសារថា ស្ថិតក្នុងស្ថានភាពដែលពិភពលោកទាំងមូល បាននិងកំពុងធ្វើសង្គា្រមប្រឆាំង និងវីរុស COVID-19នោះ ពិនិត្យឃើញថា រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានសម្តែងនូវកាយវិការឈានមុខ ជាគំរូរបស់ពិភពលោក ដោយបានផ្តល់នូវជំនួយមនុស្សធម៌ ឧបត្ថម្ភ គាំទ្រទាំងអ្នកបច្ចេកទេសវេជ្ជសាស្ត្រ ទាំងឧបករណ៍សម្ភារៈ បរិក្ខាបចេ្ចកទេស ជួយដល់បណ្តាប្រទេសដែលកំពុងតែរងគ្រោះដោយសារការវាយប្រហារនៃវីរុស COVID-19 ដែលក្នុងនោះក៏មានកម្ពុជាផងដែរ។
លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង តាងនាមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមថ្លែងអំណរគុណដល់ លោក WANG WEN TIAN ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងរដ្ឋាភិបាលចិន ដែលជានិច្ចកាលតែងតែ បានយកចិត្តទុកដាក់គិតគូពីសុខទុក្ខរបស់ប្រជាជនកម្ពុជា ទោះបីក្នុងកាលៈទេសៈណាក៏ដោយ។
គួរបញ្ជាក់ថា សម្ភារដែលភាគីចិនប្រគល់ដល់នគរបាលកម្ពុជា សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលវីរុស COVID-19 រួមមាន៖ សម្លៀកបំពាក់សំរាប់ការពារការចម្លងវីរុស COVID-19 ចំនួន២០០កំប្លេរ និងស្រោមដៃចំនួន៥០០គូ ផងដែរ។
សូមជម្រាបថា នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ ក្រុមគ្រូពេទ្យជំនាញរបស់ចិន ចំនួន៧នាក់ ដែលមានបទពិសោធខ្ពស់ក្នុងការព្យាបាលកូវីដ១៩ បានមកដល់ប្រទេសកម្ពុជាហើយ ដើម្បីចែករំលែកបទពិសោធន៍ក្នុងការព្យាបាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។
ក្រុមគ្រូពេទ្យចិនដែលមកកម្ពុជានេះ មិនមែនមកតែមនុស្សនោះទេ ពួកគេព្រមទាំងបាននាំមកនូវសម្ភារបរិក្ខាពេទ្យមកជាមួយផងដែរ ហើយអ្វីដែលពិសេស ជាងនេះទៅទៀត គឺនៅគ្រប់សម្ភារបរិក្ខាពេទ្យចិនទាំងអស់ បានបំពាក់ដោយទង់ជាតិកម្ពុជា-ចិន ជាមួយនឹងពាក្យស្លោកថា «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»៕