(កណ្ដាល)៖ លោក ឆេង គឹមស៊ុន អនុប្រធានគណៈពង្រឹងមូលដ្ឋាន ស្រុកមុខកំពូល ខេត្តកណ្ដាល និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើ រួមដំណើរដោយលោក អោ គឹមលាង និងសមាជិកគណៈពង្រឹង មូលដ្ឋានជាច្រើនទៀត បានអញ្ជើញចូលរួមមិទ្ទិញ អបអរសាទរទិវាខួបអនុស្សាវរីយ៍លើកទី៣៧ (ថ្ងៃ៧ មករា ឆ្នាំ១៩៧៩-៧ មករា ឆ្នាំ២០១៦) នៅក្នុងបរិវេណវត្តឈើទាលភ្លោះ។

អង្គមិទ្ទិញនេះ មានការចូលរួមពីព្រះសង្ឃចំនួន៧អង្គ មកពីតាមបណ្ដាលវត្តក្នុងឃុំ និងប្រជាពលរដ្ឋមកពីភូមិចំនួន៥ នៅក្នុងឃុំទាំងមូលប្រមាណជាង៦០០នាក់ រៀបចំឡើងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦។

លោក ឆេង គឹមស៊ុន និង លោក អោ គឹមលាង បានពាំនាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចជាកាលតែងតែ យកចិត្តទុកដាក់គិតគូពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងជម្រុញការអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យ។

លោក ឆេង គឹមស៊ុន បានក្រើនរំលឹកអំពីប្រវត្តិនៃថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃកំណើតទី២ របស់ប្រជាជនខ្មែរចាកផុត ពីការកាប់សំលាប់ក្នុងរបបប្រល័យពូជសាសន៏ ប៉ុល ពត ប៉ុន្តែត្រូវបានមនុស្សមួយចំនួន បំភ្លៃការពិតខុសពីប្រវត្តិសាស្ត្រ ដែលប្រជាជនស្ទើរទូទាំងប្រទេស បានជួបប្រទះ និងចងចាំជានិច្ចនូវថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩។

លោកក៏បានសំណូមពរសូម ឲ្យប្រែក្លាយស្មារតីថ្ងៃ៧ មករា ទៅជាសកម្មភាពជាក់ស្ដែង ខិតខំប្រកបមុខរបរកសិកម្ម និងមុខរបរផ្សេងៗទៀត ឈានឆ្ពោះទៅកែប្រែជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រ កាត់បន្ថយគ្រឿងស្រវឹង និងគ្រោះថ្នាក់ចរាចរណ៍ រួមចំណែកកសាងនិងអភិវឌ្ឍភូមិ ឃុំ សហគមន៍ និងប្រទេសជាតិរបស់យើង ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងសូមអោយស្មារតី៧មករា ស្ថិតស្ថេរជាអមតៈនៅក្នុងក្រអៅបេះដូង របស់ប្រជាជនខ្មែរជារៀងរហូត៕