(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ បានចេញមកច្រានចោលទាំងស្រុង នូវសារជាសំឡេងដែលគ្មានប្រភពច្បាស់លាស់ ហើយត្រូវបានចែកចាយ តាមបណ្ដាញសង្គមផ្សព្វផ្សាយថា «រាជរដ្ឋាភិបាលគ្រោងបិទរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលវីរុស COVID-19»។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺ វីរុសកូវីដ១៩ ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រធាន ក៏ដូចជាឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលជាច្រើនរូប ជាអនុប្រធាន រួមទាំង លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាអនុប្រធានប្រចាំការ បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ជាទីបំផុត និងជាបន្តបន្ទាប់ ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាល វីរុសកូវីដ១៩។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអំពាវនាវសារជាថ្មី ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ កុំមានការភ្ញាក់ផ្អើលស្លន់ស្លោ ដែលនាំឲ្យមានភាពចលាចល ប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងជាពិសេសបង្កឲ្យឡើងថ្លៃទំនិញហួសហេតុ ដោយមិនសមហេតុសមផល។
អង្គភាពអ្នកនាំពាក្យ សូមបញ្ជាក់ថា ប្រភពព័ត៌មានពិតប្រាកដ និងផ្លូវការពីស្ថានការណ៍វីរុសកូវីដ១៩ គឺជាប្រភពចេញពីក្រសួងសុខាភិបាល។ លើសពីនេះទៀត ប្រសិនបើប្រជាពលរដ្ឋទាំងអស់ មានចម្ងល់ផ្សេងៗ សូមទំនាក់ទំនងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល១១៥ ឬលេខទូរស័ព្ទទាន់ហេតុការណ៍ របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ០៧០ ៤០៤ ៩៨៤, ០៨៨ ៧ ០៣៧ ៩៧២, ០៧៨ ៦៣១ ៦៦៩៕