(ភ្នំពេញ)៖ សមាគមកាត់ដេរនៅកម្ពុជា (GMAC) នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ រួមមានអ្នកបញ្ជាទិញ ម្ចាស់រោងចក្រ កម្មករ និងសហជីព រួមដៃគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
GMAC បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការឆ្លងរីករាលដាលជាសកលនៃជំងឺ COVID-19 នាពេលបច្ចុប្បន្ន បានធ្វើឲ្យមានភាពចលាចល ដល់ជីវិតរស់នៅ និងអាជីវកម្មរបស់យើង។ ដើម្បីជម្នះស្ថានភាពដ៏លំបាកនេះ សមាគមកាត់ដេរនៅកម្ពុជា (GMAC) សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ រួមដៃគ្នាដើម្បីយើងទាំងអស់គ្នាអាចបន្តរស់បាន»។
ចំពោះអ្នកបញ្ជាទិញទាំងអស់៖ សូមកុំបោះបង់កម្ពុជា! សមាគមសូមជំរុញអ្នកបញ្ជាទិញបំពេញកាតព្វកិច្ចរបស់ខ្លួន តាមកិច្ចសន្យាដែលបានចុះរួចហើយ ដោយទទួលយកការដឹកទំនិញ ដែលបានផលិតរួចហើយ និងទំនិញដែលបច្ចុប្បន្នកំពុងផលិត និងទូទាត់ប្រាក់តាមលក្ខណ្ឌធម្មតា។ ការធ្វើបែបនេះ នឹងអាចធ្វើឲ្យរោងចក្រមានលទ្ធភាព បើកប្រាក់ឈ្នួលជូនកម្មករ និងបន្តការងារសម្រាប់ពួកគេ។
ចំពោះរោងចក្រទាំងអស់៖ សុវត្ថិភាពកម្មករជាចម្បង! សូមរក្សាការយកចិត្តទុកដាក់ និងអនាម័យកម្រិតខ្ពស់ជាវិធានការការពារ នៅកន្លែងការងារដើម្បីការពារកម្មកររបស់យើង និងជួយបង្ការការឆ្លងរីករាលដាលនៃវីរុសនេះ។ សូមឲ្យប្រាកដថា កម្មកររបស់យើងយល់ដឹង និងអនុវត្តន៍តាមគោលការណ៍ណែនាំ និងបទប្បញ្ញត្តិផ្សេងៗ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល។
ចំពោះកម្មករ និងសហជីពទាំងអស់៖ សូមមានទំនុកចិត្តលើវិធានការការពារលក្ខណៈវិទ្យាសាស្ត្រ ដែលកំពុងអនុវត្តន៍នៅកន្លែងការងារ។ សូមធ្វើជាផ្នែកមួយ នៃដំណោះស្រាយ ជាពិសេសបន្តការនៅឲ្យឆ្ងាយ និងកាត់បន្ថយជាអតិបរមា ចំពោះពិធីជួបជុំផ្សេងៗ។ សូមលាងដៃឲ្យបានញឹកញាប់ និងមិនយកដៃប៉ះមុខ។
តាមរយៈការរួបរួមសហការគ្នានេះ ប្រាកដណាស់ យើងនឹងអាចពុះពារឈ្នះជំងឺឆ្លងរាតត្បាតជាសកលនេះ អាចការពារជីវិតរបស់យើង និងធានាបាននូវការរស់រាននៃអាជីវកម្មរបស់យើង៕