(មណ្ឌលគិរី)៖ ព្រះសង្ឈមួយអង្គ ត្រូវព្រះសង្ឈមួយអង្គទៀត ចាក់សម្លាប់នឹងកាំបិតភ្លាមៗដោយសារភ្លើងកំហឹង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៩៖៣០នាទីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅវត្តដេអេ ភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
លោក យ៉ាន់ សាណី នាយប៉ុស្តិ៍នគរបាលឃុំពូជ្រៃ បានប្រាប់ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ប្រចាំខេត្តមណ្ឌលគិរីថា ជុំវិញរឿងរ៉ាវនេះ មានព្រះសង្ឃ ២អង្គ បានទាស់ពាក្យសម្តីគ្នា កើតជាភ្លើងកំហឹង ដោយសារលោកសង្ឃម្នាក់ បានចោទលោកសង្ឃម្នាក់ទៀតថា សេពថ្នាំញៀន។
លោកនាយនគរបាលប៉ុស្តិ៍ខាងលើបានប្រាប់ថា លោកសង្ឃ ២អង្គ ដែលបានចាក់សម្លាប់គ្នានោះ សុទ្ធតែបាននិមន្តមកពីភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តកំពង់ចាម ដែលនិមន្តមកគង់នៅវត្តដេអេ ក្នុងភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
លោកនាយប៉ុស្តិ៍ប្រាប់ថា លោកសង្ឃ១អង្គ ដែលត្រូវបានចាក់សម្លាប់ព្រះនាម ថ្លាង វុធ ភេទប្រុស អាយុ២៤ ឆ្នាំ (សព)។ រីឯជនសង្ស័យ ដែលជាលោកសង្ឃដែរនោះព្រះនាម ធឿន នី ភេទប្រុស អាយុ៣៩ឆ្នាំ ហើយត្រូវបានសមត្ថកិច្ចវាយខ្នោះ ដើម្បីទុកចាត់ការបន្តតាមនីតិវិធី៕