Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជនដៃដល់កាប់សម្លាប់ក្មេងប្រុស៣នាក់ ប្លន់យកម៉ូតូ ដែលសមត្ថកិច្ចចាប់ខ្លួន បានកាត់សោទ្វារគុករត់គេចខ្លួនបាត់ហើយ

04-01-2016 09:48

(សៀមរាប)៖ ជនដៃដល់ម្នាក់ ដែលបានកាប់សម្លាប់ក្មេងប្រុស៣នាក់ ហើយប្លន់យកម៉ូតូ នៅស្រុកអង្គរជុំនោះ បានលួចកាត់សោទ្វារនៃមន្ទីរឃុំឃាំង ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅវេលាទៀបភ្លឺ ថ្ងៃទី៤ ខែមករាឆ្នាំ២០១៦នេះ រត់គេចខ្លួនបាត់ហើយ។

ជនដៃដល់រូបនោះមានឈ្មោះ ឈន់ ឆេន អាយុ១៨ឆ្នាំ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន នៅយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ ក្រោយកាប់សម្លាប់ក្មេងប្រុស៣នាក់ ប្លន់យកម៉ូតូមួយគ្រឿង នៅស្រុកអង្គរជុំ។

ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៌ សត ណាឌី បានប្រាប់អង្គភាព Fresh News មុននេះបន្តិចថា រហូតមកដល់ពេលនេះ (៩៖៣២នាទី) កម្លាំងរបស់លោក មិនទាន់តាមចាប់ជនសង្ស័យរូបនេះ យកមកវិញនៅឡើយទេ៖ «រត់បាត់ហើយ មិនទាន់ចាប់បានទេ»។

សូមបញ្ជាក់ថា ស្នងការនគរបាលខេត្តសៀមរាប បានប្រាប់អង្គភាព Fresh News ថា ជនដៃដល់ដែលកាប់សម្លាប់ក្មេងប្រុស៣នាក់ ត្រូវបានកម្លាំងនគរបាលរបស់លោក ចាប់ខ្លួនបាន នៅយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៦។

ក្មេងប្រុសមិនទាន់គ្រប់អាយុចំនួន៣នាក់ ត្រូវបានជនដៃដល់រូបនេះ កាប់សម្លាប់យ៉ាងសាហាវឃោឃៅ ដើម្បីយកម៉ូតូមួយគ្រឿងម៉ាក C125 ពណ៌ខ្មៅ ស៊េរី២០១១ ពាក់ស្លាក លេខប៉ៃលិន 1A-6878 នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិគោកដូង ឃុំគោកដូង ស្រុកអង្គរជុំ។

ជនរងគ្រោះទាំង៣នាក់រួមមាន៖ ទី១-ឈ្មោះ អ៊ាំង សូយ ភេទប្រុស អាយុ៨ឆ្នាំ ភូមិគោកដូងថ្មឹ ឃុំគោកដូង ស្រុកអង្គរជុំ, ទី២-ឈ្មោះ មាឌ យ៉ា ភេទប្រុស អាយុ១៣ឆ្នាំ ភូមិគោកត្របែក ឃុំគោកដូង និង
និងទី៣-ឈ្មោះ មិច ក្អាត់ ភេទប្រុស អាយុ១៦ឆ្នាំ ភូមិគោកត្របែក ឃុំគោកដូង ស្រុកអង្គរជុំ៕