(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រៀបធៀបមន្ដ្រីនគរបាលអន្ដោប្រវេសន៍ នៅតាមច្រកទ្វារព្រំដែនទាំងអស់ ដូចជាយុទ្ធជននៅជួរមុខ បន្ទាប់ពីគ្រូពេទ្យ ដែលពួកគាត់នៅផ្ទាល់ជាមួយអ្នកជំងឺ ដើម្បីប្រយុទ្ធប្រឆាំងជាមួយ COVID-19 ដូច្នេះបើមិនប្រយ័ត្ន គឺពួកគាត់ងាយនឹងជួបគ្រោះថ្នាក់ខ្លាំងណាស់។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ដ្រីនគរបាលអន្ដោប្រវេសន៍ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង បានកត់សម្គាល់ឃើញថា នៅបណ្ដាប្រទេសមួយចំនួន មានគ្រូពេទ្យច្រើនណាស់ ដែលឆ្លងជំងឺពីអ្នកជំងឺ។
បើតាមការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង សម្រាប់មន្ដ្រីនគរបាលអន្ដោប្រវេសន៍ ដែលនៅតាមព្រំដែនទាំងអស់ ក៏មិនដឹងច្បាស់ថា អ្នកដំណើរដែលមកមានជំងឺនោះទេ ហើយពេលខ្លះពួកគាត់មានជំងឺ ប៉ុន្ដែមន្ដ្រីនគរបាលមិនបានដឹងនោះទេ ដោយសារតែឃើញពួកគាត់ធ្វើដំណើរមកធម្មតា។
ទាំងអស់នេះបញ្ជាក់អំពីភាពក្លាហាន ហើយឧត្តមគតិជាតិប្រជាជនរបស់មន្ដ្រីនគរបាលទាំងអស់ខ្ពស់ក្នុងការងារនេះ ប៉ុន្ដែសម្ដេចក្រឡាហោម សំណូមពរថា មន្ដ្រីត្រូវក្ដាប់មុខសញ្ញាដែលមកពីបរទេសឲ្យបាន ដោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីកំណត់ច្បាស់ថា ភ្ញៀវបរទេស ឬខ្មែរដែលមកពីបរទេសមានភាពល្អ។
សម្ដេចក្រឡាហោម ស ខេង បានណែនាំទៀតថា ចំពោះជនបរទេសដែលចូលមកកម្ពុជា ត្រូវពិនិត្យមើលការបំពេញសាលកបត្រ ត្រូវតែដឹងព័ត៌មានច្បាស់ថា ពួកគាត់ទៅសម្រាក ស្នាក់នៅកន្លែងណា ពោលត្រូវតែបញ្ជាក់លម្អិតច្បាស់ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការតាមដាន នៅពេលមានបញ្ហាកើនឡើង។
គួរជម្រាបថា រហូតមកទល់ពេលនេះ កម្ពុជាបានរកឃើញ ករណីឆ្លងជំងឺកូវីដ សរុបចំនួន៨៧ករណី ដែលក្នុងនោះមាននារី២២នាក់ និងបុរស៦៥នាក់ ដែលមានជនជាតិខ្មែរ៣៥នាក់ និងជនបរទេស៥២នាក់៕