(បន្ទាយមានជ័យ)៖ អភិបាលស្រុកមង្គលបុរី លោក រ័ត្ន ដាស៉ីណង់ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមគ្រូពេទ្យធ្វើយុទ្ធនាការតាមដានសុខភាព និងកំណត់ចំនួនពលករ ដែលធ្វើដំណើរមកពីប្រទសថៃ ស្របពេលមេរោគ COVID-19 កំពុងតែរាតត្បាតយ៉ាងខ្លាំង។
មូលហេតុ នៃការវិលត្រឡប់របស់ពលករខ្មែរ ដោយសារតែពួកគាត់មិនមានការងារធ្វើនៅប្រទេសថៃ។ លោក រ័ត្ន ដាស៉ីណង់ បានឲ្យដឹងថា ចំនួនពលករដែលធ្វើដំណើរមកពីប្រទេសថៃ នៅស្រុកមង្គលបុរី មានជាច្រើនរយនាក់។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរដែលបម្រើការងារនៅក្នុងប្រទេសថៃ បាននាំគ្នាសម្រុកត្រឡប់មកស្រុកកំណើតវិញ តាមច្រកព្រំដែននៃខេត្តជាប់ប្រទេសថៃដូចជា នៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យជាដើម។ រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទើបត្រឡប់មកពីបរទេស កុំប្រញាប់ស្និទ្ធស្នាលជាមួយក្រុមគ្រួសារ ដោយរង់ចាំឱ្យបានរយៈពេល១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការការឆ្លងរាលដាលជំងឺបង្កដោយមេរោគ COVID-19 ៕