(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ធំ បានបង្គាប់បង្ហាញដល់ក្រុមការងារថ្នាក់ជាតិ និងមេភូមិ-មេឃុំទាំងអស់ ត្រូវចុះសួរនាំតាមដានពីសុខភាពរបស់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺដង្ហើមថ្មី Covid-19 ហើយប្រសិនបើមានអ្វីសង្ស័យ ឬមានពលរដ្ឋណាម្នាក់មានអាការក្ដៅខ្លួន ត្រូវរាយការណ៍ទៅមណ្ឌលសុខភាពឃុំភ្លាម ដើម្បីឱ្យមន្ត្រីសុខាភិបាលចាត់វិធានការភ្លាមៗផងដែរ។
ការចង្អុលបង្ហាញយ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងឱកាសលោក ថោង ខុន ចុះប្រគល់ម៉ូតូដឹកសំរាមចំនួន ៤គ្រឿង សម្រាប់ប្រមូលសំរាមនៅតាមផ្សារក្នុងស្រុកទាំងពីរខាងលើ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។
មកដល់ពេលនេះ ពិភពលោកកំពុងមានការប្រឈមយ៉ាងខ្លាំងនឹងការរីករាលដាលជំងឺ Covid-19 ហើយនៅប្រទេសមួយចំនួនមនុស្សស្លាប់ក៏នៅតែបន្តមាន ខណៈនៅប្រទេសកម្ពុជាចំនួនអ្នកឆ្លងជំងឺនេះបានកើនដល់ ៨៧នាក់ហើយ គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។
លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា ដំណាក់កាលនេះ អាជ្ញាធរ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់មិនអាចបណ្ដែតបណ្ដោយ ឬមិនត្រូវទុកប្រជាពលរដ្ឋចោលដោយគ្មានការសួរនាំតាមដានអំពីសុខភាពរបស់ពួកគាត់នោះឡើយ ពោលគឺត្រូវចេញធ្វើការនៅតាមមូលដ្ឋានប្រជាពលរដ្ឋ ពិសេសត្រូវជួយអន្តរាគមន៍ភ្លាម ប្រសិនបើមានពលរដ្ឋណាម្នាក់មានអាការក្ដៅខ្លួន ឬសង្ស័យអំពីជំងឺ Covid-19។
ចំពោះប្រជាពលរដ្ឋដែលជាពលករមកពីប្រទេសថៃ ត្រូវបានលោករដ្ឋមន្ត្រី ថោង ខុន ណែនាំឱ្យអាជ្ញាធរស្រុក មេឃុំ មេភូមិ ប្រជាការពារ យុវជនតាមភូមិ ត្រូវរួមគ្នាចុះទៅណែនាំឱ្យពួកគាត់អនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ដែលតម្រូវឱ្យពួកគេទាំងនោះស្នាក់នៅដាច់ដោយឡែកពីក្រុមគ្រួសារ និងប្រជាពលរដ្ឋដទៃចំនួន ១៤ថ្ងៃ ដើម្បីតាមដានពីអាការសុខភាពរបស់សាមីខ្លួន ហើយប្រការនេះមិនមែនបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនោះឡើយ គឺដើម្បីសុខភាព សុវត្ថិភាព និងសន្តិសុខសណ្ដាប់ធ្នាប់នៅមូលដ្ឋានផងដែរ។
លោក ថោង ខុន បានណែនាំឱ្យបន្ថែមមេក្រូម៉ូតូចល័តឱ្យបានផុសផុលបន្ថែមទៀត ដើម្បីបញ្ជ្រាបពីព័ត៌មាន និងវិធានការនានាដល់ប្រជាពលរដ្ឋនៅតាមភូមិដ្ឋានឆ្ងាយៗបន្ថែមទៀត។ នៅក្នុងផ្សារត្រូវប្រកាន់ខ្ជាប់នូវអនាម័យទូទៅឱ្យបានត្រឹមត្រូវ ពិសេសអាជីវករទាំងអស់ត្រូវពាក់ម៉ាស មានទឹកអាកុលលាងដៃឱ្យបានជាប្រចាំ។ មួយវិញទៀត នៅពេលប្រាស្រ័យទាក់ទងគ្នាត្រូវឈរនៅគម្លាតប្រមាណពី ២-៣ម៉ែត្រ។
មេភូមិត្រូវធ្វើរបាយការណ៍រៀងរាល់ព្រឹកឲ្យបានត្រឹមត្រូវមកស្រុក ដើម្បីស្រុករាយការណ៍បន្តមកលោករដ្ឋមន្ត្រីផ្ទាល់។
ការណែនាំយ៉ាងម៉ឺងម៉ាត់ត្រូវបានសង្កត់ធ្ងន់យ៉ាងខ្លាំង ដោយលោករដ្ឋមន្ត្រ ថោង ខុន ត្រូវអនុវត្តឱ្យបានជាក់ស្ដែង និងជំរុញឱ្យអនុវត្តការងារឱ្យមានប្រសិទ្ធភាព ដើម្បីទទួលបានរបាយការណ៍ពិតប្រាកដ បញ្ជៀសមូលដ្ឋានប្រជាពលរដ្ឋពីការឆ្លងជំងឺ Covid-19។
តាមការរាយការណ៍របស់លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងលោក អួង សារឿន អភិបាលស្រុកបារាយណ៍ បានបង្ហាញថា អាជ្ញាធរស្រុកទាំងពីរបានអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលបានយ៉ាងសស្រាក់សស្រាំ ក្នុងនោះមានការតាមដានសុខភាពរបស់ប្រជាពលរដ្ឋជាប្រចាំ ការប្រមូលស្ថិតិ និងគ្រប់គ្រងស្ថានភាពចលនារបស់ពលករមកពីប្រទេសថៃ ពិសេសបានជំរុញឱ្យពួកគេចូលរួមអនុវត្តតាមវិធានការនានា ការចាក់មេក្រូផ្សព្វផ្សាយពីវិធានការទាំងចាក់ម៉ូតូចល័ត និងចាក់នៅមូលដ្ឋានណាដែលមានប្រជាពលរដ្ឋរស់នៅ និងទិញដូរច្រើន។ ក្រៅពីនោះ អាជ្ញាធរក៏បានបង្ហាញដែរថា ទោះបីជាមានការដាក់ឱ្យនៅដាច់ដោយឡែកយ៉ាងនេះក្ដី ប៉ុន្តែមកដល់ពេលមិនទាន់មានករណីឆ្លងជំងឺ Covid-19 នៅក្នុងស្រុកទាំងពីរនេះនៅឡើយទេ។
សូមជម្រាបថា នាអំលុងពេលចូលរួមបិទសន្និបាតបូកសរុបការងាររបស់រដ្ឋបាលខេត្តកំពង់ធំ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ កន្លងទៅ លោករដ្ឋមន្ត្រី ថោង ខុន ធ្លាប់បានណែនាំនូវវិធានការបង្ការ ទប់ស្កាត់ និងប្រយុទ្ធជំងឺ Covid-19 នេះទៅដល់មន្ត្រីរាជការគ្រប់ច្រកល្ហកក្នុងខេត្ត ដើម្បីយកទៅអនុវត្តឱ្យបានខ្ជាប់ខ្ជួន។
គួបញ្ជាក់ថា ម៉ូតូដឹកសំរាមទាំង៤គ្រឿងខាងលើនឹងត្រូវយកទៅប្រើប្រាស់នៅផ្សារបារាយណ៍ ១គ្រឿង ផ្សារកំពង់ថ្ម ១គ្រឿង ផ្សារតាំងគោក ១គ្រឿង និងនៅផ្សាររំលង ១គ្រឿង ដែលត្រូវបានចំណាយថវិការសរុប ១៤,០០០ដុល្លារ ដែលជាអំណោយរបស់លោក ថោង ខុន ចំនួន ៣គ្រឿង និងអំណោយរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចំនួន ១គ្រឿង។ ចំពោះការប្រើប្រាស់ម៉ូតូសំរាមនេះទៀតសោត ត្រូវបានលោក ថោង ខុន ណែនាំបន្ថែមថា ត្រូវប្រើប្រាស់ឱ្យបានសកម្ម និងមានប្រសិទ្ធភាព ពិសេសក្រៅពីដឹកសំរាមនៅតាមផ្សារហើយ ក៏ត្រូវយកវាទៅដឹកសំរាមនៅតាមឃុំ-ភូមិនានាផ្សេងទៀតផងដែរ ដើម្បីធ្វើឱ្យស្រុកទាំងពីរកាត់បន្ថយបញ្ហាសំរាម៕