(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួល ម៉ាសការពារចំនួន ២០,០០០ ឧបត្ថម្ភដោយក្រុមហ៊ុន SUNWAH GROUP ជូនដល់ក្រសួងអប់រំ ដើម្បីជួយដល់ការប្រយុទ្ធនឹងជំងឺ កូវីដ-១៩។
ថ្លែងក្នុងពិធីនោះ លោករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ម៉ាសការពារចំនួន ២០,០០០ ម៉ាស ដែលឧបត្ថម្ភដោយក្រុមហ៊ុន SUNWAH GROUP នេះ ក្រសួងអប់រំ នឹងយកទៅចែកចាយ ទៅដល់២៥ ខេត្ត-ក្រុង សម្រាប់បុគ្គលិកអប់រំ ក្នុងការប្រើប្រាស់ បំពេញការងារប្រចាំថ្ងៃ។
លោករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ទៀតថា ក្រសួងអប់រំ ត្រូវតែការពារដល់សុខភាព ក៏ដូចជាសុខមាភាព របស់មន្ដ្រីអប់រំ គ្រប់លំដាក់ថ្នាក់ ដែលបន្ដបំពេញ ការងារ ដូច្នេះ ម៉ាស២ម៉ឺនម៉ាសនេះ នឹងជួយដល់មន្ដ្រីអប់រំ របស់ក្រសួង ក៏ដូចជាជួយកាត់បន្ថយ នូវហានិភ័យនៃការឆ្លងជំងឺ Covid-19។
ជាមួយគ្នានោះ រដ្ឋមន្ដ្រីក្រសួងអប់រំ ក៏ផ្ដាំផ្ញើទៅដល់គ្រប់ក្រសួងទាំងអស់ ចាំបាច់ត្រូវតែមានការវាសកម្ដៅ រក្សាអនាម័យ លាងសម្អាតដៃ ឲ្យបានញឹកញប់ និងត្រូវតែរក្សាចម្ងាយពីគ្នា យ៉ាងតិច១ម៉ែត្រ ហើយមិនត្រូវមានការប្រជុំ ដែលមានគ្នាច្រើនផងដែរ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានឲ្យដឹងផងដែរថា ឥលូវនេះ ក្រសួងអប់រំ មិនឲ្យបុគ្គលអប់រំ ប្រជុំលើសពី១០នាក់នោះទេ ដើម្បីជៀសវាង នៃការឆ្លងជំងឺ Covid-19 នៅក្នុងសហគមន៍។
បន្ថែមពីនោះទៀត ក្រសួងអប់រំ បានអំពាវនាវ ឲ្យមន្ដ្រីអប់រំទាំងអស់ រក្សាអនាម័យ និងមិនឲ្យមានការភ័យខ្លាច ប៉ុន្ដែត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសត្រូវ យកចិត្ដទុកដាក់ ស្ដាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល។ នេះជាការបញ្ជាក់បន្ថែម របស់លោករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន។
លោករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានឲ្យដឹងទៀតថា ក្រសួងមិនអនុញ្ញាត ឲ្យមន្ដ្រីចុះបេសកម្មទៀតនោះទេ ដូចជា ចុះទៅខេត្តជាដើម ដើម្បីជៀសវាង នៃការឆ្លងជំងឺ Covid-19 លើកលែងតែមានករណីពិសេស ទើបក្រសួងអនុញ្ញាត។
លើសពីនោះទៀត ក៏មិនអនុញ្ញាតឲ្យទៅចុះបេសកម្ម នៅក្រៅប្រទេសដែរ លើកលែងតែមានការអនុញ្ញាត ហើយបើសិនជាអ្នកទៅក្រៅប្រទេស ហើយត្រឡប់មកស្រុកវិញ គឺត្រូវឃុំខ្លួនឯង រយៈពេល១៤ថ្ងៃ។
ទន្ទឹមគ្នានោះ ក្រសួងអប់រំ ក៏សូមអំពាវនាវ ទៅដល់អ្នកផលិតម៉ាសទាំងអស់ ត្រូវតែរក្សាគុណភាព ហើយលោករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន ក៏បានលើកឡើងផងដែរថា នេះគឺជាពេលវេលាមួយ ដែលយើងត្រូវចេះជួយគ្នា មិនមែនជាពេលវេលា ដែលកេងចំណេញពីគ្នានោះទេ៕