(ពោធិ៍សាត់)៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងលោក ម៉ៅ ធនិន អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ (COVID-19) ដែលកំពុងរាតត្បាតទូទាំងសកលលោក ខណៈដែលខេត្តពោធិ៍សាត់ នៅពុំទាន់មានករណីនេះនៅឡើយ។
ពិធីនេះ ត្រូវបានធ្វើឡើងនៅវេទិកា សំណេះសំណាល និងដោះស្រាយបញ្ហាប្រជាពលរដ្ឋ ក្នុងសាលាខេត្ត ដោយបានការអញ្ជើញ ចូលរួមពីក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត អាជ្ញាធរស្រុក ក្រុង ឃុំ សង្កាត់ និងភាគីពាក់ព័ន្ធមួយចំនួនទៀត។
ថ្លែងក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមេភូមិ ក្រុមប្រឹក្សាឃុំសង្កាត់ និងប្រធានមណ្ឌលសុខភាព ត្រូវបន្តចុះអប់រំ និងផ្សព្វផ្សាយជាប្រចាំ ក្នុងមូលដ្ឋានរបស់ខ្លួន នូវវិធីសាស្ត្រការធ្វើអនាម័យឱ្យបានញឹកញាប់ កុំមានការប្រមូលផ្ដុំ ពេលចេញក្រៅត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងវិធានការបង្ការនៃការឆ្លងវីរុស COVID-19 នេះ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកបានសង្កត់ធ្ងន់ថា ពាក់ព័ន្ធនឹងបងប្អូនពលករ ដែលទើបត្រលប់មកពីប្រទេសថៃ ឬបណ្តាប្រទេសនានា ជាពិសេសជនអន្តោប្រវេសន៍ សូមអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមេភូមិ ក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវកំណត់ស្ថិតិ អត្តសញ្ញាណឱ្យបានច្បាស់ និងផ្សព្វផ្សាយណែនាំដល់ពួកគាត់ រស់នៅដាច់ដោយឡែកជាលក្ខណៈបុគ្គល រយៈពេល១៤ថ្ងៃ តាមការអំពាវនាវរបស់ក្រសួងសុខាភិបាល បើមានករណីសង្ស័យ ឬមានរោគសញ្ញាណាមួយស្រដៀងនឹងជំងឺ COVID-19 ត្រូវនាំគាត់ទៅមណ្ឌលសុខភាពពិនិត្យ និងព្យាបាលជាបន្ទាន់ ឬទូរស័ព្ទទៅលេខ ១១៥។
លោកបានលើកឡើងថា នៅទូទាំងប្រទេស ៧៥ភាគរយ មានការឆ្លងរីករាលដាល និង២៥ភាគរយទៀត ពុំទាន់មានការឆ្លងរីករាលដាល ក្នុងនោះមានខេត្តពោធិ៍សាត់របស់យើងដែរ ដូច្នេះ ទាមទារឱ្យបងប្អូនប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារខ្លួនពីជំងឺ COVID-19 ឬជំងឺឆ្លងផ្សេងៗ ព្រមទាំងថែរក្សាសុខភាព និងអនាម័យឱ្យបានជាប់ប្រចាំថ្ងៃ ដោយចងចាំពាក្យស្លោក «ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត»។
លោកបានបញ្ជាក់ផងដែរថា ខេត្តពោធិ៍សាត់ បានត្រៀមរួចរាល់ ទីតាំងសម្រាប់ទុកអ្នកជំងឺ COVID-19 ជាពិសសប្រជាពលរដ្ឋទើបមកពីក្រៅប្រទេស ដែលតម្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីការពារខ្លួន និងក្រុមគ្រួសារ នៅមណ្ឌលសុខភាពក្នុងស្រុកកណ្តៀង ចំនួន២០គ្រែ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈរលាំង ក្នុងភូមិស្នាមព្រះ ស្រុកបាកាន ចំនួន៩០គ្រែ សរុប១១០គ្រែ។
លោកបានថ្លែងបន្តថា ជំងឺ COVID-19 គឺជាជំងឺឆ្លងដ៏កាចសាហាវ ក៏ប៉ុន្តែយើងក៏អាចបង្ការ និងការពារវាបានដែរ សូមស្នើដល់សមាជិក សមាជិកា នៃអង្គប្រជុំទាំងអស់ ត្រូវណែនាំដល់ប្រជាពលរដ្ឋ តាមមូលដ្ឋានរបស់ខ្លួន ដោយរក្សាភាពស្ងៀមស្ងាត់ និងកុំមានការភ័យខ្លាច ជាពិសេសកុំជឿការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ពីជនឆ្លៀតឱកាសមួយចំនួននៅតាមបណ្តាញសង្គម ចាំបាច់ត្រូវជឿតាមការចេញផ្សាយ របស់រដ្ឋាភិបាល ក្រសួងសុខាភិបាល ឬបណ្តាញសារព័ត៌មានដ៏ជឿជាក់ណាមួយ។
លោកបានលើកទឹកចិត្ដដល់សមាជិក សមាជិកា នៃអង្គប្រជុំជាពិសេស គឺលោកប្រធានមណ្ឌលសុខភាព ដែលជាជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ផ្ទាល់ និងមានភារកិច្ចព្យាបាល ថែទាំសុខភាពរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន សូមបន្តផ្សព្វផ្សាយជាប្រចាំគ្រប់រូបភាព នូវវិធានការបង្ការជំងឺ COVID-19 ដល់ប្រជាពលរដ្ឋដែលមកទទួលសេវា ឬកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាព។
បន្ទាប់ពីចែកខិតបណ្ណផ្សព្វផ្សាយនៃវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដល់បណ្តាលស្រុកក្រុងទាំង៧រួចមក, លោក ម៉ៅ ធនិន ក៏បានផ្តល់ជូនវត្ថុកំដរដៃ ដល់អភិបាលស្រុក ក្រុង ក្រុមប្រឹក្សាស្រុកក្រុង ឃុំ សង្កាត់ ក្នុងម្នាក់ៗ ទឹកក្រូច១កេស សារ៉ុង១ និងថវិកា៥ម៉ឺនរៀល៕