(កំពង់ឆ្នាំង)៖ ដើម្បីបង្ការការចម្លងជំងឺរលាកសួតប្រភេទថ្មីដែលមានឈ្មោះថា វីរុស CCOVID-19 នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានបន្តចុះធ្វើការ ណែនាំដល់ ម្ចាស់ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់ក្នុងខេត្តកំពង់ ឆ្នាំងមួយចំនួនធំបន្ថែមទៀត ឱ្យចូលរួមទប់ស្កាត់ជំងឺឆ្លងរីករាលដាលជាសកលនេះ ជាមួយគណៈកម្មាការប្រយុទ្ធ ប្រឆាំងជំងឺឆ្លង ដើម្បីផ្សព្វផ្សាយជាសាធារណៈនូវចំណេះដឹង និងការណែនាំផ្សេងៗ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ទៅដល់ភ្ញៀវទេសចរ និងបុគ្គលិក ព្រមទាំងធ្វើផ្ទាំងផ្សព្វផ្សាយព័ត៌មាន ដែលពន្យល់ពីការលាងដៃ និងការពាក់ម៉ាស់ឱ្យបានត្រឹមត្រូវផងដែរ។
ជាមួយគ្នានេះផងដែរ ម្ចាស់ផ្ទះសំណាក់ភោជនីយដ្ឋាន និងសណ្ឋាគារមួយចំនួនក៏បានផ្ដល់បទសម្ភាសន៍ ទាក់ទងនឹងការចូលរួមធ្វើអនាម័យ នៅតាមកន្លែងនីមួយៗ ដោយណែនាំដល់បុគ្គលិក ក៏ដូចជាភ្ញៀវទាំងអស់ ឱ្យយល់ដឹងអំពីការសម្អាតអនាម័យ ដោយមានការលាងដៃនឹងសាប៊ូ ឬអាកុលហ មុននិងបរិភោគអាហារ ក៏ដូចជាមុនចូលសម្រាកនៅក្នុង នៅក្នុងផ្ទះសំណាក់ ឬសណ្ឋាគារ។
ក្នុងពេលផ្តល់កិច្ចសម្ភាស ម្ចាស់ភោជនីយ ដ្ឋានចំការលាភ, អារហារដ្ឋានដំរីស, និងម្ចាស់សណ្ឋាគារ និងភោជនីដ្ឋានសុវណ្ណភូមិ បានបញ្ជាក់ថា រាល់ការចេញចូលរបស់ភ្ញៀវ ត្រូវបានបុគ្គលិក គាត់ណែនាំ និងផ្តល់ជូនពួក គាត់នូវសាប៊ូ ទឹកអនាម័យសម្អាត និងទឹកអាល់កុលហលាងដៃ មុនចូលអារហារដ្ឋាន ឬស្នាក់នៅ។ បុគ្គលិកបំរើការ តុត្រូវអោយលាងសំអាតដៃ និងបាញ់អាល់កុល សំលាប់មេរោគលើតុអារហារជាប្រចាំ តាមការ ណែនាំរបស់មន្ត្រីសុខាភិបាល។ គ្រប់បុគ្គលឹកបំរើភ្ញៀវរហូតដល់ចុងភៅ គឺត្រូវពាក់ម៉ាស់ជាប់ជានិច្ច ដើម្បីរក្សាអនាម័យខ្លួនឯងផង និងគិតគូរពីសុខមាលភាពភ្ញៀវក្នុងហាងផងដែរ។
ដោយឡែកលោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ បានឱ្យដឹងថា ម្ចាស់ហាងនីមួយៗ ត្រូវមានកន្លែងលាងដៃ និងកន្លែងផ្តល់ម៉ាស់ ហើយគួរតែរៀបចំ នៅក្នុងបរិវេណភោជនីយដ្ឋាន ជាពិសេសនៅតាមកន្លែងនានា ដូចជាទ្វាចូលបង្គន់ បញ្ជរគិតលុយជាដើម មិនតែប៉ុណ្ណោះ ត្រូវបង្កើនការយល់ដឹងដល់ចុងភៅ និងបុគ្គលិកអនាម័យ អំពីហានិភ័យ នៃការចម្លងមេរោគពីភ្នាក់ងារ ចម្លងមេរោគ ដោយលើកឡើង ពីសារៈសំខាន់នៃការ ការពារខ្លួនដូចជា ការពាក់ម៉ាស់ និងស្រោមដៃ ក្នុងអំឡុងពេលកំពុងធ្វើការ និងត្រូវសម្អាតសម្ភារ ប្រើប្រាស់ឱ្យបានញឹកញាប់ ដូចជា៖ តុបាយ ប្រដាប់ប្រដាប្រើប្រាស់សម្ភារផ្ទះបាយ និងឧបករណ៍សម្អាត។
ជាមួយគ្នានេះ ម្ចាស់ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់ គួរតែគាំទ្រយុទ្ធនាការអនាម័យ ដល់បុគ្គលិក ដោយការលាងដៃឲ្យបានញឹកញាប់ និងលាងដៃគ្រប់ ពេលបន្ទាប់ពីកាន់ឧបករណ៍ ឬប្រដាប់ប្រដាប្រើប្រាស់ ដែលត្រូវប៉ះពាល់ញឹកញាប់ និងត្រូវកំណត់កាលវិភាគ ឱ្យបានទៀងទាត់ សម្រាប់លាង សម្អាតសម្ភារៈប្រើប្រាស់ ឬទីកន្លែង ដែលមានការកាន់ប៉ះពាល់ជាប្រចាំ ដូចជា តុបាយ ដៃទ្វារបង្គន់ ត្រូវសម្លាប់មេរោគ និងអាកុលបានយ៉ាងតិច ២ដងក្នុង១ថ្ងៃ។
គួររំលឹកថា ខេត្តកំពង់ឆ្នាំង ត្រូវបានវិទ្យាស្ថានប៉ាស្ទ័រ រកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ-១៩ ចំនួន៣នាក់ ដែលពួកគាត់ទើបវិលត្រឡប់ ពីប្រទេសម៉ាឡេស៊ីវិញ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។ ក្រោយពេលពិនិត្យឃើញហើយ គណៈកម្មាការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លង បានយកពួកគាត់ទៅដាក់ដាច់ដោយឡែកនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច និងបានពិនិត្យព្យាបាលពួក គាត់យ៉ាងយកចិត្តទុកដាក់ ដែលមកដល់ ពេលនេះពួកគាត់មានអាការៈធូរស្បើយច្រើនផងដែរ៕