(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានផលិតវីដេអូសំណួរចម្លើយអប់រំខ្លីមួយ អំពីភាពចាំបាច់នៃការរក្សាចម្ងាយពីគ្នា នៅគ្រាដែលកំពុងកើតមានការរីករាលដាលនៃជំងឺកូវីដ១៩។
ខាងក្រោមនេះ ជាសំណួរចម្លើយទាំង៣ ដើម្បីជួយបញ្ច្រាបការយល់ដឹង អំពីភាពចាំបាច់នៃការរក្សាចម្ងាយពីគ្នា៖
១៖ តើការរក្សាចម្ងាយពីគ្នា ដើម្បីកុំឆ្លងជំងឺកូវីដ១៩ មានន័យយ៉ាងដូចម្តេច?
ចម្លើយ៖ ការរក្សាចម្ងាយពីគ្នា សំដៅយើងនៅឆ្ងាយពីគ្នា នៅឆ្ងាយពីកន្លែងដែលមានមនុស្សច្រើន ហើយនឹងកន្លែងដែលយើងបារម្ភថា មានការរាតត្បាតដោយជំងឺកូវីដ១៩។
២៖ ចុះយើងចាំបាន់រក្សាចម្ងាយពីគ្នាធ្វើអីទៅ ?
ចម្លើយ៖ ការរក្សាចម្ងាយពីគ្នា ជួយបង្ការកុំឲ្យមានការរាតត្បាតនៃជំងឺកូវីដ១៩ សម្រាប់យើងដែលកំពុងរស់ នៅក្នុងដំណាក់កាលនៃការរាតត្បាតដោយជំងឺនេះ។ ការនៅឆ្ងាយពីគ្នា គឺបង្ហាញអំពីការយកចិត្តទុកដាក់របស់យើងចំពោះខ្លួនឯង ក៏ដូចជាអ្នកដទៃ ទោះបីជាយើងមានសុខភាពល្អ ហើយនៅក្មេង ក៏ប៉ុន្តែយើងដឹងហើយថាជំងឺកូវីដ១៩ ងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈតំណក់ទឹកតូចៗ ដែលចេញពីរាងកាយរបស់មនុស្ស ហើយអ្នកដែលងាយរងគ្រោះបំផុត ដែលយើងគួរតែការពារ គឺចាស់ជរា និងអ្នកដែលមានជំងឺរ៉ាំរ៉ៃប្រចាំកាយ។
៣៖ តើយើងគួរធ្វើអ្វីខ្លះទៅ ?
ចម្លើយ៖ យើងត្រូវនៅផ្ទះឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន មិនត្រូវទៅកន្លែងដែលមានមនុស្សច្រើន ឬក៏ចូលរួមកម្មវិធីដែលមិនចាំបាច់ ហើយត្រូវរក្សាចម្ងាយពីអ្នកដទៃ យ៉ាងហោចណាស់ឲ្យបាន២ម៉ែត្រ នៅពេលយើងជួបគ្នាយើងគួរតែសំពះ ជៀសវាងការចាប់ដៃ ជៀសវាងការប្រើប្រាស់មធ្យោបាយធ្វើដំណើរ ឬជណ្តើរយន្តដែលមានមនុស្សច្រើន គួរតែធ្វើការពីផ្ទះបើសិនជាយើងអាចប្រើប្រាស់បច្ចេកវិទ្យាមកជំនួសបាន ហើយអ្វីដែលគួរធ្វើជាប្រចាំ គឺត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាកុលជែលលាងដៃ ពាក់ម៉ាសហើយកុំប៉ះពាល់មុខមាត់របស់យើង៕