(ភ្នំពេញ)៖ ក្រុមហ៊ុន សែលកាត (Cellcard) បានប្រកាសពីវិធានការណ៍ថ្មីៗ ជាច្រើនពីការផ្តល់ជូន និងសេវាកម្មបន្ថែម ដើម្បីជួយដល់អតិថិជន សែលកាតទាំងអស់ ក្នុងគ្រាលំបាកទាំងនេះ។
លោក អៀន វ៉ាត់សុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានថ្លែងថា ប្រជាជនកម្ពុជា អាចពឹងផ្អែកលើក្រុមហ៊ុន សែលកាត ដែលតែងតែនៅក្បែរ អតិថិជនរបស់ខ្លួន និងផ្តល់ទំនុកចិត្តដល់ពួកគេថា យើងនឹងធ្វើអ្វីៗគ្រប់យ៉ាង តាមតែអាចធ្វើទៅបាន ដើម្បីរក្សាសេវាកម្មទាំងអស់ ឲ្យដំណើរការបានពេញ២៤ម៉ោង។
ក្រុមហ៊ុនសែលកាត នឹងធានាថា យើងគាំទ្រដល់អតិថិជនទាំងអស់របស់យើង ឲ្យទទួលបាននូវការថែរក្សា សុវត្ថិភាព និងការធានាដែលពួកគាត់ ត្រូវការនៅពេលនេះ ដូច្នេះពួកយើង កំពុងដាក់ចេញនូវវិធានការបន្ថែម ដើម្បីធានានូវការប្តេជ្ញាចិត្តរបស់យើងចំពោះពួកគាត់។
លោកបន្ដថា «សែលកាតកំពុងបង្កើន ចំនួនភ្នាក់ងារបំរើអតិថិជន ដើម្បីបង្កើនសមត្ថភាពសេវាកម្ម ទំនាក់ទំនងអតិថិជនរបស់យើង ឲ្យពេញ២៤ម៉ោង ក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុង១សប្តាហ៍។ ប្រសិនបើអតិថិជន ត្រូវការជំនួយរបស់យើង គឺយើងនឹងនៅទីនេះ ដើម្បីផ្តល់ការគាំទ្រដល់ពួកគាត់»។
ចាប់ពីថ្ងៃនេះតទៅ គ្រប់សាខាសែលកាតទូទាំងប្រទេស នឹងពង្រីកម៉ោងប្រតិបត្តិការ បន្ថែមមួយម៉ោងទៀត នៅថ្ងៃធ្វើការ និងថ្ងៃសៅរ៍ ចាប់ពីម៉ោង០៥៖៣០ល្ងាច ដល់០៦៖៣០ល្ងាច។
ប្រសិនបើអតិថិជន សែលកាតណាមួយ ដែលបាត់ស៊ីមកាត ហើយមិនអាចទៅដល់ហាង យើងនឹងរៀបចំស៊ីមកាតថ្មីមួយ ដើម្បីបញ្ជូនទៅពួកគេ ដោយផ្ទាល់ដោយមិនគិតថ្លៃសេវា ទូទាំងប្រទេស។ នេះជាការបញ្ជាក់បន្ថែម របស់លោក អៀន វ៉ាត់សុន។
លោកថា «ក្រុមការងារបណ្តាញវិស្វកររបស់យើង និងក្រុមបច្ចេកទេសទាំងអស់ ដែលគ្រប់គ្រងរាល់ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធប្រតិបត្តិការ របស់យើងបានត្រៀម រួចរាល់២៤ម៉ោង ក្នុងមួយថ្ងៃ ដើម្បីឆ្លើយតបទៅនឹងស្ថានភាព ដែលអាចកើតឡើង។ ក្រុមហ៊ុនសែលកាត នឹងធ្វើអ្វីៗគ្រប់យ៉ាង តាមដែលអាចធ្វើទៅបាន ដើម្បីឲ្យប្រទេសយើងមានទំនាក់ទំនងគ្នា ពីមួយថ្ងៃទៅមួយថ្ងៃ មិនថាមានបញ្ហាអ្វីក៏ដោយ»។
ដើម្បីគាំទ្របន្ថែមទៀត នូវតំរូវការនៃការទំនាក់ទំនង នៅក្នុងគ្រាលំបាកនេះ ក្រុមហ៊ុន សែលកាត បានប្រកាសដាក់ចេញនូវគំរោងថ្មី ដែលមានឈ្មោះថា Cellcard4U ដែលអាចឲ្យអតិថិជនរក្សាទុក ទិន្នន័យការហៅចេញ និងការផ្ញើសារ ដែលពួកគាត់ប្រើមិនអស់ សំរាប់ប្រើប្រាស់នៅពេលក្រោយ។
លោកនាយកប្រតិបត្តិ បានថ្លែងថា «ប្រសិនបើអតិថិជន មិនបានប្រើប្រាស់គម្រោង របស់ពួកគាត់ឲ្យអស់ទេ យើងនឹងធ្វើការទុកសមតុល្យទឹកប្រាក់ ក្នុងគម្រោងនោះ បន្តទៅសប្តាហ៍ក្រោយ ហើយពួកគាត់អាច បន្តទុកវារហូតទៅដល់ពេញ១ឆ្នាំ។ យើងក៏នឹងផ្តល់ជូនអតិថិន ដែលបន្តភ្ជាប់គម្រោង ដោយមិនគិតថ្លៃ រៀងរាល់សប្តាហ៍ទី៤»។
លោកបានថ្លែងថា «ការផ្តល់ជូនថ្មីនេះ គឺដើម្បីជួយមនុស្សគ្រប់គ្នា ក្នុងគ្រាលំបាកនេះ ហើយក៏ចង់បង្ហាញដល់ប្រជាជនកម្ពុជាទាំងអស់ ឲ្យបានដឹងថា ក្រុមហ៊ុនសែលកាត គឺនៅទីនេះ សម្រាប់អ្នក ហើយយើងតែងតែបំពេញតាមការរំពឹងទុក និងការប្តេជ្ញាចិត្ត ក្នុងការរក្សាតម្លៃ សេវាកម្ម គុណភាព រួមជាមួយនឹងបទពិសោធន៍ បណ្តាញដ៏ល្អបំផុត នៅក្នុងប្រទេសកម្ពុជា»។
លោកបន្ដទៀតថា យើងយល់ច្បាស់ថា ក្នុងនាមជាប្រតិបត្តិករទូរស័ព្ទចល័ត ដែលគ្រប់គ្រងដោយជនជាតិជនជាតិខ្មែរ តែមួយគត់ យើងត្រូវធានាថា យើងនឹងបន្តគាំទ្រ ដល់ប្រជាជនកម្ពុជាទាំងអស់ ក្នុងគ្រាលំបាកនេះ។ យើងនៅទីនេះ សម្រាប់អ្នក ដើម្បីរួបរួមគ្នា។
នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានលើកឡើងថា ការផ្តល់ជូនគម្រោងថ្មី របស់យើង គឺពិតជាគួរឲ្យទាក់ទាញ ហើយនេះ ជាការផ្តល់ជូនលើកដំបូងបង្អស់ នៅក្នុងប្រទេសកម្ពុជា ហើយមានន័យថា អតិថិជនរបស់យើងទាំងអស់អាចរក្សាទំនាក់ទំនង ជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេ នៅក្នុងតម្លៃសមរម្យ។
Cellcard 4U មានតម្លៃ៥,០០០រៀល ក្នុង១សប្តាហ៍ ដែលផ្តល់ការប្រើទិន្នន័យអិនធើណេត បានរហូតដល់៥ជីកាបៃ ការហៅចេញបានរហូតដល់៥០០០នាទី និង ការផ្ញើសារបានចំនួន៥០០សារ។
អតិថិជនដែលបញ្ចូលទឹកប្រាក់រៀងរាល់សប្តាហ៍ ក្នុងរយៈពេលបីសប្តាហ៍ជាប់គ្នា នឹងទទួលបានគម្រោង ដោយមិនគិតថ្លៃនៅសប្តាហ៍ទី៤។ រាល់អតិថិជនទាំងអស់ អាចប្តូរទៅគម្រោងនេះ ដោយគ្រាន់តែចុច *5000# ។ ហើយអតិថិជនថ្មី អាចទូរស័ព្ទមកលេខ ០១២ ៨១២ ៨១២ ឬទៅកាន់ហាង ឬបណ្តាញចែកចាយស៊ីម ដោយឥតគិតថ្លៃរបស់ពួកគាត់បាន៕