(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ បានបដិសេធ និងច្រានចោលទាំងស្រុង ចំពោះសារសំឡេងដែលបានចែកចាយថា ជាសំឡេងរបស់សម្ដេច ហើយបានណែនាំឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ទិញស្បៀងអាហារទុកនៅក្នុងផ្ទៃ ខណៈជំងឺ COVID-19 កំពុងតែរីករាលដាល។
ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីសំណេះសំណាលជាមួយមន្ដ្រីនគរបាលអន្ដោប្រវេសន៍ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ សម្ដេចក្រឡាហោម ស ខេង បានចាត់ទុកថា អ្នកបំផុតសារសំឡេងនោះមានចេតនាបង្កចលាចល និងមានចេតនាឲ្យទំនិញឡើងថ្លៃ ដើម្បីផលប្រយោជន៍ណាមួយ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំអត់មានបាននិយាយទេ ខ្ញុំបដិសេធ ប៉ុន្ដែបើគេទិញក៏ទិញទៅតែគ្រាន់ថា ជូនកាលអ្នកផ្ញើសារថាសំឡេងខ្ញុំទៅ ធ្វើឲ្យច្របូកច្របល់ឲ្យទំនិញ ឡើងថ្លៃ។ ខ្ញុំអត់បានណែនាំចឹងទេ»។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានទទួលស្គាល់នូវសារសំឡេងមួយ ដែលសម្ដេចបានផ្ញើជូនមន្ដ្រីនៅក្នុងក្រសួងមហាផ្ទៃឲ្យបង្កើនការប្រុងប្រយ័ត្ន នៅពេលទៅផ្សារដែលជាទីប្រជុំជន ក្នុងន័យថាឲ្យបង្កើនការប្រុងប្រយ័ត្ន ព្រោះក្នុងករណីឆ្លងជំងឺផ្សេង គឺចេញពីក្នុងផ្សារ តាមរយៈលុយដែលកាន់ពីដៃមួយ ទៅដៃមួយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ម្សិលមិញ មានការចែកចាយនូវសារសំឡេងមួយ ដែលគេអះអាងថា ជាសំឡេងរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលបានណែនាំឲ្យប្រជាពលរដ្ឋទិញស្បៀង ចំណីអាហារទុកក្នុងផ្ទះ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺ COVID-19។
គួរជម្រាបថា រហូតមកទល់ពេលនេះ កម្ពុជាបានរកឃើញ ករណីឆ្លងជំងឺកូវីដ សរុបចំនួន៨៧ករណី ដែលក្នុងនោះមាននារី២២នាក់ និងបុរស៦៥នាក់ ដែលមានជនជាតិខ្មែរ៣៥នាក់ និងជនបរទេស៥២នាក់៕