(ភ្នំពេញ)៖ សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា បានអំពាវនាវដល់សមាគមនិស្សិត តាមបណ្តាគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសរបស់រដ្ឋ ដែលចំណុះឱ្យសហព័ន្ធនិស្សិត សូមមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវចូលរួមទប់ស្កាត់នៃការរីករាលដាលវីរុស COVID-19។ នេះបើយោងតាមសេចក្តីណែនាំរបស់សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ។
តាមរយៈសេចក្តីណែនាំនេះ សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា ក៏បានក្រើនរំលឹកដល់និស្សិតទាំងអស់ ត្រូវប្រកាន់នូវការថែរក្សា អនាម័យផ្ទាល់ខ្លួនឱ្យបានខ្ជាប់ខ្ជួនដោយត្រូវលាងដៃនឹងសាប៊ូ ឬទឹកអាល់កុលឱ្យបានញឹកញាប់ សូមពាក់ម៉ាស់ការពារនៅពេលចាំបាច់ ត្រូវពិសារអាហារដែលបានចម្អិនឆ្អិនល្អ ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានជំងឺផ្លូវដង្ហើម។
សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា បានឱ្យដឹងថា ក្នុងករណីមានការសង្ស័យ និងមានអាការៈដូចជា៖ ក្តៅខ្លួន ក្អក ឈឺបំពង់ក ហៀរសំបោរ ដកដង្ហើមថបណែន សូមទៅពិនិត្យនៅមន្ទីរ ឬមណ្ឌលសុខភាពដែលនៅជិតកន្លែងអ្នករស់នៅ ឬទំនាក់ទំនងតាមលេខទូរស័ព្ទ៖ ១១៥ ជាពិសេសត្រូវអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា។
គួរជម្រាបថា គិតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨៧នាក់ (ស្រី២២នាក់ ប្រុស៦៥នាក់) ដែលក្នុងនោះជនជាតិខ្មែរ៣៥នាក់ និងជនបរទេស៥២នាក់។ ទោះជាយ៉ាងនេះក្តី ក្នុងចំណោមអ្នកជំងឺ៨៧នាក់នោះ ក៏មាន២នាក់ផងដែរ ត្រូវបានព្យាបាលជាសះស្បើយ នោះគឺជនជាតិចិនមកពីទីក្រុងវូហាន និង ស្រ្តីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំ៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា៖