(មណ្ឌលគិរី)៖ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានបញ្ជាក់ថា ពលករដែលវិលត្រឡប់មកពីប្រទេសថៃវិញ មកដល់មណ្ឌលគិរី រហូតមកដល់ពេលនេះ មានចំនួន ៧នាក់ ក្នុងនោះ កម្មករខ្មែរចំនួន ៤នាក់ នៅស្រុកកោះញែក និងនិស្សិតចំនួន ៣នាក់ ដែលជាជនជាតិឥស្លាម នៅស្រុកកែវសីមា។
ពាក់ព័ន្ធនឹងការវិលត្រឡប់មកវិញនេះ លោកអភិបាលខេត្ត បានបញ្ជាឱ្យមន្រ្តីជំនាញ អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងអប់រំដល់ពួកគាត់ ដោយឱ្យពួកគាត់នៅដាច់ដោយឡែក ពីក្រុមគ្រួសាររយៈពេល ១៤ថ្ងៃ ដូចអ្វីដែលក្រសួងសុខាភិបាលបានប្រកាស ព្រោះយើងមិនបានដឹងថា ពួកគាត់មានផ្ទុក ឬមិនមានជម្ងឺ COVID-19 នោះទេ។
ដើម្បីឆ្លើយតបទៅនឹងវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺ COVID-19 នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ អភិបាលខេត្តមណ្ឌលគិរី ដឹកនាំកិច្ចប្រជុំបន្ទាន់ជាលើកទី២ និងចុះពិនិត្យមើលទីតាំងអគារស្នាក់នៅរបស់លោកគ្រូ អ្នកគ្រូ ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីត្រៀមទុកជាមុន សម្រាប់ព្យាបាល និងដាក់ដាច់ដោយឡែក ចំពោះអ្នកដែលសង្ស័យ ឬមានផ្ទុកជម្ងឺ COVID-19 នេះ។
នាឱកាសនោះ លោក ស្វាយ សំអ៊ាង បានថ្លែងថា ដោយមាការណែនាំដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ឲ្យខេត្តនីមួយៗ ត្រៀមលក្ខណៈសម្បតិ្តក្នុងការរៀបចំ និងរកទីកន្លែងដើម្បីត្រៀមបង្ការ ក្នុងករណីដែលជម្ងឺ COVID-19 ផ្ទុះឡើងនៅខេត្តណា ខេត្តនោះត្រូវរកកន្លែង សម្រាប់ដាក់អ្នក COVID-19 ដាច់ដោយឡែក និងព្យាបាលពួកគាត់។
លោកបញ្ជាក់ថា «សម្រាប់ខេត្តមណ្ឌលគិរី រហូតមកដល់ពេលរសៀលនេះ មិនទាន់មានករណីសង្ស័យ ឬផ្ទុកជម្ងឺ COVID-19 នោះទេ តែទោះជាយ៉ាងណា អាជ្ញាធរខេត្ត រួមទាំងមន្ទីរជំនាញ និងសមត្ថកិច្ច សហការគ្នាសម្រាប់ត្រៀមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 នេះ»។
ជាក់ស្តែង បានពិនិត្យឃើញថា នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី មាន១បន្ទប់ ស្មើនឹង ០៤គ្រែ និងនៅអគារស្នាក់នៅរបស់លោកគ្រូ អ្នកគ្រូ ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី មាន២០បន្ទប់ ស្មើនឹង ៤០គ្រែ ហើយបន្ទប់នីមួយៗ នឹងរៀបចំបំពាក់ នូវទឹក ភ្លើង បន្ទប់ទឹក កង្ហារជាដើម ប៉ុន្តែបន្ទប់នីមួយៗ មិនទាន់ស្អាត ក៏សូមឱ្យមន្រ្តីជំនាញ និងសមត្ថកិច្ច ចូលរួមសម្អាតអាគារ និងបន្ទប់នេះឱ្យស្អាត នឹងមានអនាម័យ ពិសេសគឺបាញ់ថ្នាំសម្លាប់មេរោគឱ្យអស់សិន ហើយនឹងឲ្យមន្ទីរសុខាភិបាលខេត្ត បញ្ជូនគ្រែ ព្រមទាំងសម្ភារ និងបរិក្ខាពេទ្យមួយចំនួនថែមទៀតផង៕