(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ បានអះអាងថា កម្ពុជាអាចប្រឈមនឹងការបិទភូមិ ប្រសិនបើមានអ្នកកើត COVID-19 នៅក្នុងតំបន់នោះ ពីរ ឬបីនាក់ ដើម្បីទប់ស្កាត់ការរីករាលដាល នៅតំបន់ផ្សេងៗដែលនៅក្បែរនោះ។
ការថ្លែងបែបនេះរបស់សម្ដេចក្រឡាហោម ស ខេង ធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយមន្ដ្រីនគរបាល អន្ដោប្រវេសន៍ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ គ្រាដែលកម្ពុជាកំពុងតែប្រឈមជាមួយការរីករាលដាល នៃជំងឺ COVID-19។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ប្រសិនបើមានកន្លែងណាមួយ មានអ្នកណាមួយកើតឃុំមួយផ្ទះ, មួយកំណាត់ភូមិ, ឬភូមិដាច់ដោយឡែកពីគេ ៤-៥ផ្ទះចឹងទៅ យើងអាចឃុំកន្លែងណុងមិនឲ្យគាត់ចេញទៅណា។ ហើយបើថាភូមិណុងជាប់គ្នា ហើយមានអ្នកកើតពីរ បីនាក់ចឹងទៅ គឺឃុំទាំងភូមិតែម្ដង»។
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃរូបនេះ បានគូសបញ្ជាក់ទៀតថា ទាំងអស់នេះ គឺជាវិធានការដែលបានដាក់ចេញ និងបានផ្សព្វផ្សាយរួចរាល់ហើយ ខណៈវិធានការនេះសម្ដេចបានណែនាំឲ្យ រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសថ្នាក់ខេត្ត ត្រូវតាមដានបន្ដជាប់ជាប្រចាំដើម្បីមានវិធានការឆ្លើយតបភ្លាមៗ នៅពេលមានបញ្ហាកើតឡើង។
គួរជម្រាបថា រហូតមកទល់ពេលនេះ កម្ពុជាបានរកឃើញ ករណីឆ្លងជំងឺកូវីដ សរុបចំនួន៨៧ករណី ដែលក្នុងនោះមាននារី២២នាក់ និងបុរស៦៥នាក់ ដែលមានជនជាតិខ្មែរ ៣៥នាក់ និងជនបរទេស៥២នាក់៕