(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ បានអំពាវនាវដល់កងយោធពលខេមរភូមិន្ទ ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តចូលរួមគាំទ្រឱ្យអស់ពីកម្លាំងកាយចិត្តជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ដែលកំពុងតែរាតត្បាតនៅក្នុងប្រទេសកម្ពុជា។
តាមរយៈទំព័រ Facebook ផ្លូវការរបស់ខ្លួន សម្តេចពិជ័យសេនា ទៀ បាញ់ បានអំពាវនាវយ៉ាងដូច្នេះថា៖ «សូមបងប្អូនកងទ័ព និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមគាំទ្រឱ្យអស់ពីកម្លាំងកាយចិត្តដល់រាជរដ្ឋាភិបាលរបស់យើង ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគ COVID-19 នេះ»។
គួរជម្រាបថា គិតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨៧នាក់ (ស្រី២២នាក់ ប្រុស៦៥នាក់) ដែលក្នុងនោះជនជាតិខ្មែរ៣៥នាក់ និងជនបរទេស៥២នាក់។ ទោះជាយ៉ាងនេះក្តី ក្នុងចំណោមអ្នកជំងឺ៨៧នាក់នោះ ក៏មាន២នាក់ផងដែរ ត្រូវបានព្យាបាលជាសះស្បើយ នោះគឺជនជាតិចិនមកពីទីក្រុងវូហាន និង ស្រ្តីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំ៕