(ប៉ៃលិន)៖ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ដោយសារស្ថានភាពរីករាលដាលនៃវីរុស COVID-19 បានបង្ខំឲ្យពលករខ្មែរដែលធ្វើការនៅខេត្តចាន់បុរី ប្រទេសថៃ ប្រមាណជាង២០០នាក់ វិលត្រឡប់មកកាន់ស្រុកកំណើតវិញ តាមព្រំដែនក្នុងភូមិសាស្ត្រខេត្តប៉ៃលិន គ្រាច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន បានបិទមិនឲ្យចេញចូលទៅមក។
ពលករខ្មែរដែលឆ្លងដែនមក បានឲ្យដឹងឡើងថា នៅក្នុងប្រទេសថៃ ពួកគាត់មានការព្រួយបារម្ភជាខ្លាំង ចំពោះជំងឺ COVID-19 ផង រួមទាំងអត់ការងារធ្វើផងនោះ បានបង្ខំឲ្យពួកគាត់សម្រេចចិត្ត វិលត្រឡប់មកកាន់ស្រុកកំណើតវិញ ហើយដោយច្រកទ្វារព្រំដែនត្រូវបានបិទ ដូច្នេះពួកគាត់ខ្លះត្រូវបង្ខំចិត្ត ឆ្លងព្រំដែន តាមអូរតាមព្រៃ ដែលប្រឈមនឹងគ្រោះថ្នាក់ដោយសារគ្រាប់មីន។
ជាក់ស្តែងនៅថ្ងៃនេះ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានជួបពិភាគ្សាជាមួយភាគីថៃ ដោយអនុញ្ញាតឲ្យពលករប្រមាណជាង១០០នាក់ ចេញតាមច្រកព្រំដែនព្រំ ដើម្បីវិលត្រឡប់ទៅកាន់ស្រុកកំណើតរៀងៗខ្លួនវិញ។
លោក ផាន់ ចាន់ធុល បានបញ្ជាក់ថា ពលករខ្មែរដែលឆ្លងដែនត្រលប់មកវិញនេះ អាជ្ញាធរមិនបានអនុវត្តន៍ដាក់ឲ្យនៅដាច់ឡែកនោះទេ ដោយគ្រាន់តែកំណត់អត្តសញ្ញាណ ពិនិត្យឆែកកំដៅ ពិនិត្យសុខភាពយ៉ាងតឹងរឹង និងលាងសំអាតដៃ ដងខ្លួនដោយសារធាតុសម្លាប់មេរោគ រួចហើយអនុញ្ញាតឲ្យពួកគាត់វិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ អ៉ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងលោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានដឹកនាំក្រុមការងារ និងយុវជន ស.ស.យ.ក, យុវជនកាកបាទក្រហម ចូលរួមសហការជាមួយអាជ្ញាធរខេត្ត និងមន្ត្រីចត្តាឡីស័ក ធ្វើការកំណត់អត្តសញ្ញាណ ពិនិត្យឆែកកំដៅ និងលាងសំអាតដៃ ជូនពលករដែលត្រលប់មកពីប្រទេសថៃ។
សូមបញ្ជាក់ថា ពលករកម្ពុជាដែលសម្រុកឆ្លងព្រំដែនមកពីប្រទេសថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន គិតចាប់តាមពីម៉ោង០៨៖៣០នាទីព្រឹកថ្ងៃទី២៣ ខែមីនា រហូតដល់ម៉ោង០២រសៀល គឺមានចំនួនសរុប២២០នាក់ ស្រី១០៣នាក់ ក្នុងនោះមានកុមារ ចំនួន២៥នាក់ផងដែរ៕