(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ បើកវគ្គបណ្តុះបណ្តាលសម្រាប់គ្រូពេទ្យស្ម័គ្រចិត្ត តាមរយៈសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (TYDA) ដើម្បីប្រយុទ្ធប្រឆាំងជំងឺ COVID-19 ស្តីពីការបង្ការ និងត្រួតពិនិត្យការចម្លងជំងឺ COVID-19 ដោយមានការចូលរួមពីមន្ត្រីសុខាភិបាល និងអ្នកស្ម័គ្រចិត្តជាច្រើននាក់បានចូលរួម។
លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) បានថ្លែងអំណរគុណដល់ប្អូនៗ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលបានស្ម័គ្រចិត្ត នៅក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងមេរោគរាត្បាត COVID-19 ចំពេលដែលយើងត្រូវការប្អូនៗជាចាំបាច់។ ការបណ្តុះបណ្តាលប្អូនៗនេះ គឺត្រៀមជាទ័ពបម្រុង នៅពេលដែលមានអ្នកជំងឺ COVID-19 នេះ កើនឡើងបន្ថែមទៀត គឺយើងនឹងបញ្ជូនកម្លាំងបម្រុងរបស់យើង ចេញទៅបន្ថែមទៀត។
ដោយសារតែមានការឆ្លងរីករាលដាល នៃជំងឺ COVID-19 ជាសកល រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានរៀបចំផែនការទប់ស្កាត់ ដោយមិនចង់ឲ្យបញ្ហានេះកើតឡើងដូចនៅប្រទេស ក្នុងតំបន់អឺរ៉ុបមួយចំនួន កើតនៅក្នុងប្រទេសកម្ពុជានោះទេ។
លោកស្រីបានលើកឡើងទៀតថា បច្ចុប្បន្នកម្ពុជា បានពង្រីកមនី្ទរពេទ្យបន្ថែមទៀត សម្រាប់ដាក់អ្នកឆ្លងជំងឺ COVID-19 ដូចជានៅមនី្ទរពេទ្យមិត្តភាពខ្មែរសូវៀត មណ្ឌលសុខភាពចាក់អង្រែ មនី្ទរពេទ្យកុមារជាតិ មនី្ទរពេទ្យគន្ធបុប្ជា និងសណ្ឋាគារ Great Duke ត្រូវបានដាក់ជាកន្លែងព្យាបាល COVID-19 រៀបចំដំឡើងប្រមាណជាង ២០បន្ទប់ មន្ទីរពេទ្យស្ទើរទូទាំងរាជធានី ខេត្ត កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ចំពោះអ្នកឆ្លងជំងឺ COVID-19 នេះ ហើយអ្នកទាំងអស់នោះ ក៏គ្មានសភាពធ្ងន់ធ្ងរនោះទេ។
សូមបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល៤ថ្ងៃ (៤វគ្គ) ដោយផ្ដោតសំខាន់លើមូលដ្ឋានគ្រឹះ នៃការចម្លងរោគ ការប្រុងប្រយ័ត្ន ការគ្រប់គ្រងអ្នកជំងឺ ការអប់រំអនាម័យសុខភាព ការប្រើប្រាស់ឧបករណ៍ការពារខ្លួន ការគ្រប់គ្រងសំណល់ ការពិនិត្យនិងព្យាបាលអ្នកជំងឺ៕