(ព្រះសីហនុ)៖ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃវិរុស COVID-19 លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ហ៊ួត ស្រ៉ី ស្នងការរងផែនភស្តុភារ និងហិរញ្ញវត្ថុ ដឹកនាំកងកម្លាំងនគរបាលការិយាល័យសុខាភិបាលចុះត្រួតពិនិត្យសុខភាព វាស់កម្តៅ លាងដៃសម្លាប់មេរោគ ជូនដល់កងកម្លាំងសមត្ថកិច្ចដែលកំពុងយាមល្បាតតាមគោលដៅផ្សេងៗ និងបានបាញ់សម្លាប់មេរោគលើយានជំនិះ និងសំភារៈការងាររបស់កងកម្លាំងទាំងនោះផងដែរ។
ជាលទ្ធផល កងកម្លាំងទាំងអស់ដែលយាមតាមគោលដៅទាំងនោះ សុទ្ធសឹងតែមានសុខភាពមាំមួន និងកម្តៅធម្មតា។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ករណីវិជ្ជមានកូវីដ១៩ នៅកម្ពុជា មានចំនួនសរុប ៨៦នាក់ហើយ (ស្រី២១នាក់ ប្រុស៦៣នាក់ ដែលក្នុងនោះមានចិន១នាក់ (នៅខេត្តព្រះសីហនុ បានជាសះស្បើយ) អង់គ្លេស ៣នាក់ (ក្នុងនោះមាន១នាក់បានជាសះស្បើយហើយ) កាណាដា១នាក់ ប៊ែលហ្សិក១នាក់ បារាំង៣៣នាក់ (ក្នុងនោះមានកូនប្រុសបង្កើតអាយុ៤ខែ) ម៉ាឡេស៊ី១២នាក់ និងខ្មែរ៣៣នាក់៕