(ពោធិ៍សាត់)៖ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ បានប្រើរំសេវកម្ទេចចោលរថយន្តបាកុងចំនួន ០៣គ្រឿង ក្រោយចុះបង្ក្រាបបាន នៅចំណុចភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
តាមរបាយការណ៍ របស់អាវុធហត្ថខេត្ត បានបញ្ជាក់ថា «នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ រថយន្តបាកុងចំនួន០៣គ្រឿង ដែលកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយ អង្គការសម្ព័ន្ធមិត្តសត្វព្រៃចាប់បាន នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ចំណុចភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ត្រូវបានប្រើរំសេវកម្ទេចចោល»។
គួរបញ្ជាក់ថា ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ បានសហការបើកប្រតិបត្តិការស្រាវជ្រាវ និងរកឃើញរថយន្ដបាកុង ជាមធ្យោបាយដឹកឈើជាច្រើនគ្រឿង ហើយត្រូវបានបំផ្លាញចោលនៅនឹងកន្លែង។
ខណៈដែលរថយន្តទាំងនោះ ត្រូវក្រុមឧក្រិដ្ឋជន យកទៅលាក់ទុក នៅក្នុងព្រៃយ៉ាងជ្រៅ ហើយទីតាំងខាងលើនេះ ត្រូវបានមន្ដ្រីអាវុធហត្ថបង្ហើបថា ជាតំបន់ក្ដៅ នៃការប្រព្រឹត្តបទល្មើសព្រៃឈើ៕