(ព្រះវិហា)៖ ម្ចាស់សណ្ឋាគារព្រះវិហារជ័យ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសផ្តល់ទីតាំងសណ្ឋាគាររបស់ខ្លួន ដែលមានចំនួន៤២បន្ទប់ ក្នុងខេត្តព្រះវិហារ ដើម្បីឲ្យមន្ទីរសុខាភិបាលខេត្ត ប្រើប្រាស់សម្រាប់ជាកន្លែង ត្រៀមទទួលព្យាបាលអ្នកជំងឺកូវីដ១៩។
ក្រៅតែពីការផ្តល់សណ្ឋាគាររបស់ខ្លួន សម្រាប់ជាកន្លែងទទួលព្យាបាលជំងឺហើយនោះ ម្ចាស់សណ្ឋាគារនេះក៏បានធានាចេញប្រាក់ថ្លៃទឹកភ្លើង ដែលប្រើប្រាស់ក្នុងប្រតិបត្តិការ ព្យាបាលជំងឺជូនពលរដ្ឋផងដែរ។
ឧកញ៉ា អ៉ឹង ឃាង ម្ចាស់សណ្ឋាគារព្រះវិហារជ័យ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការសម្រេចផ្តល់ទីតាំងសណ្ឋាគារនេះ ធ្វើឡើងតបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលបានប្រកាសនៅថ្ងៃនេះ ឲ្យតាមបណ្តាខេត្តស្វែងរកសណ្ឋាគារ សម្រាប់តៀមជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩។ ដូច្នេះសម្រាប់ខេត្តព្រះវិហារ អាចទាក់ទងប្រើប្រាស់សណ្ឋាគារព្រះវិហារជ័យ នៅឃុំស្រអែម តំបន់ប្រាសាទព្រះវិហារ ដើម្បីទទួលឲ្យអ្នកជំងឺស្នាក់នៅដោយឥតគិតថ្លៃ។
លោកឧកញ៉ា អ៉ឹង ឃាង បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបាទ អ៉ឹង ឃាង ម្ចាស់សណ្ឋាគារព្រះវិហារជ័យ នៅឃុំស្រអែម តំបន់ប្រាសាទព្រះវិហារ ខេត្តព្រះវិហារ សូមចូលរួមជាមួយមន្ទីរសុខាភិបាលខេត្តព្រះវិហារ បើមានប្រជាពលរដ្ឋកម្ពុជាណា មានរោគសញ្ញានៃជំងឺ Covid-19 សណ្ឋាគារខ្ញុំបាទទទួលឲ្យអ្នកជំងឺស្នាក់នៅដោយមិនមានគិតតម្លៃឡើយ ហើយថ្លៃអគ្គិសនី និងថ្លៃទឹក ក៏ខ្ញុំជាអ្នកចំណាយផងដែរ»។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ បានចេញបទបញ្ជាថ្មី និងបន្ទាន់មួយទៅកាន់អភិបាខេត្តទាំង២៤ ឱ្យរៀបចំសណ្ឋាគារ ផ្ទះសំណាក់ សាលារៀន និងមជ្ឈមណ្ឌលបណ្តុះបណ្តាលមួយចំនួន ទុកសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ១៩ (COVID-19)។
បទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ពីអ្នកកើតជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានកើតឡើងជាបន្តបន្ទាប់រហូតដល់៨៦ករណី និងរីកសាយភាយរហូតដល់១៣រាជធានី-ខេត្ត។
ក្នុងសារសំឡេងបញ្ជាទៅកាន់អភិបាលខេត្ត ដែលលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ទទួលបានពីសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំយ៉ាងដូច្នេះ «ដោយឥឡូវឃើញថាសណ្ឋាគារជាច្រើននៅតាមខេត្តពុំសូវមានភ្ញៀវស្នាក់នៅ ហើយក៏មានអគារមជ្ឈមណ្ឌលបណ្តុះបណ្តាលមួយចំនួន ក៏អាចមានអគារខ្លះដែរ។ អ៊ីចឹងបើមានសណ្ឋាគារ ឬក៏មជ្ឈមណ្ឌលណាដែលវាល្អយើងយកអាហ្នឹងដោយមិនបាច់យកសាលារៀនទេ។ ដូចជានៅខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ឬខេត្តដទៃទៀត ដែលមានសណ្ឋាគារស្រាប់យើងជួលយកសណ្ឋាគារហ្នឹងតែម្តង ព្រោះវាមានប្រព័ន្ធទឹក ប្រព័ន្ធភ្លើង មានម៉ាស៊ីនត្រជាក់ មានកង្ហារអីគ្រប់គ្រាន់តែម្តង។ អ៊ីចឹងយើងជួលយក ហើយគ្រប់គ្រងមានគ្រែ មានអីហើយស្រេច អ៊ីចឹងវាជាការងាយស្រួល»។
តែទោះជាយ៉ាងសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យយកសាលារៀនសម្រាប់ផ្តល់សេវាការព្យាបាលអ្នកជំងឺ១៩ ក្នុងករណីមិនមានសណ្ឋាគារ ឬអគារដទៃ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា អភិបាលខេត្តទាំងអស់ត្រូវធ្វើការងារនេះជាបន្ទាន់។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ករណីវិជ្ជមានកូវីដ១៩ នៅកម្ពុជា មានចំនួនសរុប៨៦នាក់ហើយ (ស្រី២១នាក់ ប្រុស៦៥នាក់ ដែលក្នុងនោះមានចិន១នាក់ (នៅខេត្តព្រះសីហនុ បានជាសះស្បើយ) អង់គ្លេស ៣នាក់ (ក្នុងនោះមាន១នាក់បានជាសះស្បើយហើយ) កាណាដា១នាក់ ប៊ែលហ្សិក១នាក់ បារាំង៣៣នាក់ (ក្នុងនោះមានកូនប្រុសបង្កើតអាយុ៤ខែ) ម៉ាឡេស៊ី១២នាក់ និងខ្មែរ៣៣នាក់។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រុមការងាររបស់ខ្លួន កំពុងតែធ្វើកិច្ចការស្រាវជ្រាវករណីថ្មីបន្តទៀត ហើយនឹងបន្តជម្រាបជូនប្រជាពលរដ្ឋ ប្រសិនបើមានករណីវិជ្ជមានកូវីដ១៩ ថ្មីណាផ្សេងទៀត៕