(កំពត)៖ លោក ជាវ តាយ អភិបាលខេត្ត បានស្នើឱ្យគ្រប់ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ត្រូវអនុវត្តជាបន្ទាន់ជុំវិញការការពារ រីករាលដាលវីរុស COVID-19 ដើម្បីឆ្លើយតបសាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការស្នើបែបនេះ របស់លោក ជាវ តាយ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានដឹកនាំ ក្នុងកិច្ចប្រជុំគណៈកម្មការខេត្ត ប្រយុទ្ធនឹងជំងឺ COVID-19 នៅសាលប្រជុំសាលាខេត្តកំពត ដោយចូលរួមពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង ស្រុក។
ក្នុងកិច្ចប្រជុំនោះ លោក ជាវ តាយ បានបញ្ជាក់ថា បញ្ហាជំងឺ COVID-19 គឺជាជំងឺរាតត្បាតសកលក្នុងពិភពលោក ក្នុងនោះក៏មានកម្ពុជាយើងផងដែរ។ ដូច្នេះ ដើម្បីឆ្លើយតបទៅនឹងអនុសាសន៍យ៉ាង យកចិត្តទុក ដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការណែនាំជំរុញដល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធថ្នាក់ជាតិ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចសហការ រួមគ្នារៀបចំផែនការរួម ដើម្បីការពារ បង្ការទប់ស្កាត់ ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។
លោកអភិបាលខេត្ត ក៏បានណែនាំដល់សមាជិកគណៈកម្មការខេត្តទាំងអស់ ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចសហការរួមគ្នា រៀបចំផែនការរួមដោយប្រមូលផ្ដុំ មធ្យោបាយ និងធនធាននៅក្នុងខេត្ត ដើម្បីធ្វើយ៉ាងណាត្រៀមបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ ដើម្បីធានាបាននូវសុខមាលភាពជូនប្រជាពលរដ្ឋក្នុងខេត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់។
លោក ជាវ តាយ ក៏បានដាក់ផែនការរួមដល់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុក ត្រូវត្រួតពិនិត្យឱ្យបានហ្មត់ចត់ នៅតាមច្រកទ្វារព្រំដែន នីមួយៗ ជាពិសេសអាជ្ញាធរក្រុង ស្រុក ត្រូវមានការយកចិត្តទុកដាក់ ចំពោះបញ្ហាប្រជាពលរដ្ឋ ដែលទើបឆ្លងមកពីប្រទេសថៃថ្មីៗនេះ ដោយអប់រំផ្សព្វផ្សាយណែនាំ អនុវត្តតាមវិធានការ របស់ក្រសួងសុខាភិបាលឱ្យប្រជាពលរដ្ឋទាំងនោះ ត្រូវតែអនុវត្តសម្រាកនៅនឹងកន្លែង ក្នុងផ្ទះរយៈពេល ១៤ថ្ងៃ និងពង្រីកការអនុវត្តតាមដានត្រួតពិនិត្យប្រចាំនូវជនបរទេសណា ដែលទើបធ្វើដំណើរចូលមក ក្នុងខេត្តថ្មីៗនេះ ពង្រីកការផ្សព្វផ្សាយ អប់រំណែនាំ តាមរោងចក្រ សហគ្រាស ក្រុមហ៊ុនសាលារៀន ឱ្យមានអនាម័យជាប់ជាប្រចាំ ចាត់ចែងក្រុមការងារ ចុះពិនិត្យនិងតាមដានសភាពការណ៍តាមបណ្ដាក្រុង ស្រុក ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា បើមានប្រជាពលរដ្ឋណាម្នាក់ មានអាការៈ មិនប្រក្រតីពាក់ព័ន្ធនឹងរោគសញ្ញា COVID-19 ព្រមទាំងត្រូវត្រៀមគ្រូពេទ្យប្រចាំការ នឹងមានសម្ភារបរិក្ខារបច្ចេកទេសគ្រប់គ្រាន់ទឹក ភ្លើង គ្រែ បន្ទប់ទឹក បង្គន់អនាម័យ បន្ទប់សំរាកព្យាបាលអ្នកជំងឺ និងទីកន្លែងប្រកបដោយសុវត្ថិភាព និងមានលក្ខណៈអនាម័យល្អ រួមនឹងការទប់ស្កាត់ ដោយចាត់វិធានការចំពោះការផ្សព្វផ្សាយព័ត៌មានបំពុលសង្គម បំភិតបំភ័យប្រជាពលរដ្ឋបំភ្លៃការពិតពីមេរោគ COVID-19 និងព័ត៌មានដែលបង្កឱ្យមានអស្ថេរភាពសង្គមជាដើម។
ក្នុងកិច្ចប្រជុំនេះ ក៏បានសម្រេច ឯកភាពទាំងស្រុង ដោយបានកំណត់ជ្រើសរើសយកទីតាំងសាលាវិទ្យាល័យព្រះរាជសម្ភារ ស្ថិតក្នុងភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ជាកន្លែងត្រៀមសម្រាប់ព្យាបាលអ្នកឆ្លងជំងឺ COVID-19 ជាបណ្តោះអាសន្នសិន ដែលមានគ្រែ និងពូក សម្រាប់អ្នកជំងឺ ចំនួន៣០ផងដែរ និងមានទឹកភ្លើង បង្គន់អនាម័យ ផាសុកភាព ព្រមទាំងបំពាក់ដោយបរិក្ខារបច្ចេកទេសពេទ្យគ្រប់គ្រាន់ផងដែរ។
ក្នុងនោះដែរ គោលដៅបន្ទាប់រដ្ឋបាលខេត្តកំពត បាននឹងកំពុងតែរកទីតាំងសណ្ឋាគារ ដែលមានសុវត្ថិភាព និងជាទីទុកចិត្តបាន សម្រាប់សង្គ្រោះ ដល់ជនរងគ្រោះទាំងឡាយណា ដែលរកឃើញ COVID-19 កើតមានឡើងជាយថាហេតុ នាពេលថ្ងៃខាងមុខ៕