(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ  នៅរសៀលម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦នេះ បានចុះបង្រ្កាបហាងកាហ្វេបង្កប់សេវាភ្នាល់ប្រដាល់កន្លែង នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនអ្នកលេងភ្នាល់៦០នាក់ និងដកហូតម៉ូតូជាង១០គ្រឿង ។

សមត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់ទីតាំងហាងកាហ្វេនេះ មានឈ្មោះ ហេង សុខលី ដែលកន្លងមក ហាងនេះត្រូវបានពលរដ្ឋរាយការណ៍ថា ជាទីតាំងល្បែងដុះស្លែររាប់ឆ្នាំមកហើយ តែពុំដែលឃើញសមត្ថកិច្ច មូលដ្ឋានចុះបង្ក្រាបម្តងណាឡើយ។ ជាពិសេសមានការបំពុលសម្លេង ដោយស្រែកឡូឡាថ្លង់អ្នកជិតខាងដែលមានរបងក្បែរនោះ។ ចំណែកការភ្នាល់ល្បែងកីឡានោះអ្នកខ្លះលក់គោរ លក់ស្រែ លក់ឡាន ម៉ូតូ ដាក់ប្លង់ដី ចាញ់ម្នាក់រាប់លានរៀល ។
សមត្ថកិច្ចអះអាងថា ករណីនេះខ្លួននឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមច្បាប់៕