(តាកែវ)៖ ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់ស្នងការរងនគរបាលទាំងអស់ ឲ្យបញ្ជាបន្តទៅអធិការនគរបាល តាមបណ្តាក្រុងស្រុក និងនាយនគរបាលប៉ុស្តិ៍ទាំង១០០ ត្រូវចាត់ការជាបន្ទាន់តាមដាន និងកំណត់ចំនួនមនុស្សទាំងអស់ ដែលបានមកពីក្រៅប្រទេស ជាពិសេសប្រទេសថៃ ដើម្បីណែនាំពួកគេ រស់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ការពារ COVID-19។
ភ្លាមៗក្រោយទទួលបានបទបញ្ជាពីលោកស្នងការ, លោកវរសេនីយ៍ឯក ឆឹង រតនៈ ស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស នៃស្នងការដ្ឋាននគបាលខេត្តតាកែវ បានណែនាំដល់សមត្ថកិច្ចមូលដ្ឋាននៅក្នុងស្រុកគីរីវង់ ទាំងអស់ត្រូវចុះតាមដាន និងកំណត់ចំនួនពលករមកពីក្រៅប្រទេស ឱ្យបានច្បាស់លាស់ ហើយត្រូវចុះធ្វើការអប់រំពួកគាត់ ឱ្យនៅដាច់ដោយឡែកពីគេចំនួន ១៤ថ្ងៃសិន ដោយមិនត្រូវឱ្យពួកគាត់ នៅជិត ឬស្និតស្នាលមួយក្រុមគ្រួសារ បងប្អូន ឬអ្នកជិតខាងឡើយ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៏របស់បងប្អូនប្រជាពលរដ្ឋ។
ថ្លែងនៅចំពោះមុខសមត្ថកិច្ចមូលដ្ឋាននៅក្នុងស្រុកគីរីវង់ នៅព្រឹកថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២០នេះ លោកវរសេនីយ៍ឯក ឆឹង រតនៈ បានថ្លែងថា ដើម្បីចាត់វិធានការ ទប់ស្កាត់ជំងឺកូវីត១៩ និងវិធានការចំពោះប្រជាពលរដ្ឋដែលបានត្រឡប់មកពីក្រៅប្រទេស សមត្ថកិច្ចទាំងអស់ជាពិសេសសមត្ថកិច្ចប៉ុស្តិ៍ ត្រូវចុះតាមដាន និងកំណត់ចំនួន ពលករមកពីក្រៅប្រទេសឱ្យបានច្បាស់លាស់ ហើយត្រូវចុះធ្វើការអប់រំពួកគាត់ឱ្យនៅដាច់ដោយឡែកពីគេចំនួន ១៤ថ្ងៃសិន ដោយមិនត្រូវឱ្យពួកគាត់នៅជិត ឬស្និតស្នាលជាមួយក្រុមគ្រួសារ បងប្អូន ឬអ្នកជិតខាងឡើយ។ ការធ្វើបែបនេះ ដើម្បីបញ្ជៀសការឆ្លងជំងឺកូវីដ១៩ ប្រសិនបើពួកគាត់កើតមាន ទៅលើក្រុមគ្រួសារ អ្នកជិតខាង ឬនៅក្នុងសហគមន៍របស់គាត់។
ស្នងការរងខេត្តតាកែវ ឆឹង រតនៈ បានបន្ថែមទៀតថា ប្រសិនបើមានការសង្ស័យទៅលើបងប្អូនពលករណាម្នាក់ ដោយសុខភាពពួកគាត់មិនស្រួល ឬមានកំដៅក្នុងខ្លួន ឡើងលើសពី៣៨ ត្រូវនាំគាត់ទៅពិនិត្យ និងព្យាបាលជាបន្ទាន់នៅមន្ទីរពេទ្យស្រុក ឬទៅដល់មន្ទីរពេទ្យខេត្ត ដើម្បីគេយកសំណាកទៅធ្វើតេស្តបន្ត ដើម្បីរកជំងឺកូវីដ១៩ នៅវិទ្យាស្ថានប៉ាស្ទ័រ ម្យ៉ាងទៀតនៅមន្ទីរពេទ្យខេត្តគេបានត្រៀមបន្ទប់ទុករួចរាល់អស់ហើយ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ដាច់ដោយឡែកពីគេ។
លោកស្នងការរងខេត្តតាកែវ ក៏បានណែនាំដល់សមត្ថកិច្ចមូលដ្ឋានត្រូវបន្តចុះអប់រំ និងផ្សព្ធផ្សាយឲ្យបានជាប់ជាប្រចាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិ ឃុំ ស្រុករបស់ខ្លួន ពីវិធីសាស្ត្រការសំអាត ការធ្វើអនាម័យឱ្យបានញឹកញាប់តាមរយៈលាងដៃនឹងសាប៊ូ ឬអាកុល ហាមការជួបជុំមនុស្សច្រើនដើម្បីធ្វើយ៉ាងណាទប់ស្កាត់ កុំឲ្យជំងឺកូវីដ១៩នេះ រីករាលដាលនៅក្នុងសហគមន៍ បងប្អូនប្រជាពលរដ្ឋ៕