មន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ២នាក់ នៅខណ្ឌបឹងកេងកង ដកហូតបានថ្នាំញៀនជាង១គីឡូក្រាម និងសារធាតុផ្សំជាង២គីឡូក្រាម
23-03-2020 15:55
(ភ្នំពេញ)៖ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបករណីកែច្នៃគ្រឿងញៀនមួយកន្លែង នៅចំណុចបន្ទប់ជួល ផ្លូវបើកថ្មី ក្បែរកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ នេះបើតាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា ប្រតិបត្តិការនេះបានធ្វើឡើងនៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ក្រោយទទួលបទបញ្ជាពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ប្រធានមន្ទីរ ព្រមទាំងមានការសម្របសម្រួលពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្នុងនោះកម្លាំងជំនាញឃាត់ខ្លួនបានជនសង្ស័យ២នាក់ ទី១៖ ឈ្មោះ គី ម៉េងហ័រ (KEE BENG HWA) ភេទប្រុស ជនជាតិសិង្ហបូរី មុខរបរមិនពិតប្រាកដ និងទី២៖ ឈ្មោះ ខៀវ ស្រីទូច អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ។
ជាលទ្ធផលសមត្ថកិច្ច ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ប្រមាណ ១,៤៩៣.៧៣ក្រាម រួមមាន៖ មេតំហ្វេតាមីន (ICE) ទម្ងន់ ២១៧.៧៧ក្រាម, កេតាមីនទម្ងន់ ២៧.៧៧ក្រាម, អ៊ិចស្តាស៊ីទម្ងន់១,១៧៧.២៧ក្រាម, នីមេតាហ្សេប៉ាម ទម្ងន់ ៧០.៩២ក្រាម រួមនឹងសារធាតុគីមីផ្សំទម្ងន់ ២,០៩០.៨៦ក្រាម, កញ្ឆាក្រៀម១៥៩.០៨ក្រាម និងឧបករណ៍កែឆ្នៃ១ឈុត៕