(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញលិខិតមួយថ្លែងអំណរគុណ និងកោតសរសើរ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ ព្រមទាំងសប្បុរសជនមួយចំនួនទៀត ដែលរួមគ្នាឧបត្ថម្ភដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការសង្រ្គោះ និងការពារអាយុជីវិតប្រជាជនកម្ពុជា ដែលកំពុងរងហានិភ័យដោយសារការគំរាមពីជំងឺកូវីដ១៩ ដ៏កាចសាហាវ។

សូមបញ្ជាក់ថា ដើម្បីប្រមូលថវិកាសប្បុរសជន ដែលចង់ចូលរួមជាមួយរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ សម្តេចតេជោ ហ៊ុន សែន បានកំណត់យកទីតាំងចំនួន២កន្លែង សម្រាប់ទទួលស្វាគមន៍ជំនួយសប្បុរសជន ក្នុងនោះមាន៖

* កន្លែងទី១៖ គឺគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានសម្តេចជាប្រធាន ហើយមានអាស័យដ្ឋាននៅក្រសួងសុខាភិបាល និងមានឈ្មោះមន្ត្រី និងលេខទូរស័ព្ទ អ្នកចាំទទួល៖ ០១២ ៨៤២ ៩៦៦, ០១២ ៨៣៨ ៨៨៥, ០១២ ៧៣១ ៨៨៨, ០១២ ៧៧៦ ៥៧៨។

* កន្លែងទី២៖ គឺខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលមានលោក សេង ទៀង នាយករងខុទ្ទកាល័យ ០១២ ៩៦១ ៩៧១ និងមន្ត្រីមួយចំនួនទៀត ជាអ្នករង់ចាំទទួល។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជំនួយដែលនឹងត្រូវបានផ្តល់ដោយសប្បុរសជននេះ រាជរដ្ឋាភិបាលនឹងខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីសង្គ្រោះ និងការពារជីវិតរបស់ប្រជាជនកម្ពុជាយើង។ សម្តេចសូមជូនពរដល់ជូនរួមជាតិឱ្យជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយនឹងចៀសផុតអំពីជំងឺដ៏កាចសាហាវដែលកំពុង តែគំរាមកំហែងទូទាំងពិភពលោកនេះ៕