(ត្បូងឃ្មុំ)៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងត្រៀមរៀបចំទីតាំងសម្រាប់ពិនិត្យព្យាបាលអ្នកឆ្លងមេរោគ COVID-19 និងដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។
ទីតាំងនេះស្ថិតនៅសណ្ឋាគារ «ឆៃណាមេមត់» ក្នុងស្រុកមេមត់មាន ៥០បន្ទប់ ដោយមើលឃើញថាជាទីតាំងមួយដ៏ល្អ បន្ទប់ស្អាត មានអនាម័យ អាចរក្សាអ្នកផ្ទុកវីរុសកូវីដ១៩ ក៏ដូចជាស្នាក់នៅ ពិនិត្យ និងព្យាបាលបានយ៉ាងមានសុវត្ថិភាពផងដែរ។
ដោយឡែកក្នុងខេត្តត្បូងឃ្មុំ មានមន្ទីរពេទ្យបង្អែក០៦ នៅតាម០៦ក្រុង និងស្រុក បានយកជាកន្លែងពិនិត្យតាមដាន ព្យាបាលវីរុសកូវីដ១៩ យ៉ាងសស្រាក់សស្រាំបំផុតទាំងយប់ថ្ងៃ។ ពិសេសមន្ទីរពេទ្យបង្អែកពញាក្រែក ០២នាក់ និងមន្ទីរពេទ្យបង្អែកមេមត់០១នាក់ កំពុងនៅពិនិត្យព្យាបាល។
លោក ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណ ម្ចាស់សណ្ឋាគារ «ឆៃណាមេមត់» ដែលសហការផ្តល់ទីតាំង ក្នុងយុទ្ធនាការការពារ និងប្រយុទ្ធប្រឆាំងការរីករាលដាលជាបន្តជំងឺកំពុង រីករាលដាលជាសកល នាពេលនេះ។
លោកអភិបាលខេត្ត ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ក៍ដូចជាអំពាវនាវឱ្យពលរដ្ឋរក្សាអនាម័យជាប់ជាប្រចាំ លាងដៃនឹសាប៊ូ ឬអាកុល ពាក់ម៉ាស់ការពារ និងសូមកុំជួបជុំគ្នាក្នុងដំណាក់កាលនេះ។
លោក ជាម ច័ន្ទសោភ័ណ បានបញ្ជាក់បន្ថែមថា ជាពិសេសប្រជាពលរដ្ឋដែលទើបតែវិលត្រឡប់មកពីក្រៅប្រទេសវិញ ត្រូវនៅដាច់ដោយឡែកពីអ្នកដទៃ រយៈពេល១៤ថ្ងៃ នឹងបន្តតាមដានសុខភាពខ្លួនឯង។ ហើយប្រសិនបើសង្ស័យថា ខ្លួនមានផ្ទុកនូវវីរុស COVID-19 សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ១១៥ ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត។
សូមបញ្ជាក់ផងដែរថា ក្នុងខេត្តត្បូងឃ្មុំ មានអ្នកវិជ្ជមានមេរោគកូវីដ១៩ ចំនួន០៤នាក់ ដោយ០៣នាក់ដាក់ឱ្យនៅដាច់ដោយឡែក និងពិនិត្យព្យាបាល ក្នុងមន្ទីរពេទ្យខេត្តត្បូងឃ្មុំ ក្នុងនោះ០២នាក់ នៅមន្ទីរពេទ្យបង្អែកពញាក្រែក ០១នៅមន្ទីរពេទ្យបង្អែកមេមត់ ដោយឡែក០១ទៀត នៅមន្ទីរពេទ្យចាក់អង្រែ រាជធានីភ្នំពេញ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងមេរោគ COVID-19 ចំនួន៨៦នាក់ហើយ៕