(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ បានរៀបចំថ្វាយទាន ធូប កម្រងផ្កា សម្លៀកបំពាក់ និងគ្រឿងរន្តាប់បូជាជូនលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ក្នុងគោលបំណងបន់ ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើន និងទឹកភ្លៀង ជាពិសេសសូមឱ្យប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ចៀសចេញឱ្យផុតពីជំងឺកូវីដ១៩ (COVID-19) ដែលកំពុងរាតត្បាតទូទាំងសកលលោក។
ពិធីនេះត្រូវបានធ្វើឡើង នៅបូជនីយដ្ឋានលោកឧកញ៉ា ដែលមានចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីទីរួមខេត្ត ជាប់ផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំក្នុងខេត្ត សមាជិកាសាខាសមាគមនារីខេត្ត និងមន្ត្រីរាជការជាច្រើនរូបទៀត។
បើទោះបីជាខេត្តពោធិ៍សាត់ ពុំទាន់មានករណីកូវីដ១៩ (COVID-19) ផ្ទុះឡើងក៏ពិតមែន ក្នុងនាមថ្នាក់ដឹកនាំខេត្ត លោក ម៉ៅ ធនិន បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ ឬជំងឺឆ្លងផ្សេងៗ ព្រមទាំងថែរក្សាសុខភាព និងអនាម័យឱ្យបានជាប់ប្រចាំថ្ងៃ ដោយចងចាំពាក្យស្លោក «ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត»។
ជាមួយគ្នានោះ ស្របតាមសេចក្តីប្រកាស របស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឱ្យគ្រប់វត្តអារាមទូងស្គរ សូត្រធម៌ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដើម្បីកម្ចាត់គ្រោះចង្រៃ ដែលកើតឡើងដោយមេរោគ COVID-19។ សម្រាប់ខេត្តពោធិ៍សាត់ គ្រប់វត្តអារាមទូទាំងខេត្ត នឹងចាប់ផ្ដើមទូងស្គរយ៉ាងកងរំពង ដោយមានការសូត្រធម៌តាមសាសនា នាវេលាម៉ោង ៣រសៀលនេះ ដើម្បីកម្ចាត់គ្រោះមហន្តរាយ ដែលបង្កឡើងដោយវីរុស COVID-19។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង១១ព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ នៅកម្ពុជាទាំងមូល មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន ៨៦នាក់ហើយ (ក្នុងនោះស្រី២១នាក់ ប្រុស ៦៥នាក់ និងជនជាតិចិន ១នាក់ នៅខេត្តព្រះសីហនុ បានជាសះស្បើយ, អង់គ្លេស៣នាក់ ក្នុងនោះមាន១នាក់ បានជាសះស្បើយហើយ, កាណាដា១នាក់, ប៊ែលហ្សិក១នាក់, បារាំង៣៣នាក់ ក្នុងនោះមានកូនប្រុសបង្កើតអាយុ៤ខែ, ម៉ាឡេស៊ី១២នាក់ និងខ្មែរ៣៥នាក់)។
បច្ចុប្បន្នក្រសួងសុខាភិបាល សហការជាមួយក្រុមគ្រូពេទ្យជំនាញ ៧នាក់របស់ចិន បាននឹងកំពុងបង្ហាត់បង្រៀនពីវិធីសាស្ត្រព្យាបាល និងធ្វើកិច្ចការស្រាវជ្រាវករណីថ្មីបន្តទៀត។ ជាមួយគ្នានោះក្រសួងសុខាភិបាល នឹងបន្តជម្រាបជូនប្រជាពលរដ្ឋ ប្រសិនបើមានករណីវិជ្ជមាន នៃជំងឺកូវីដ១៩ ថ្មីណាផ្សេងទៀត៕