(ភ្នំពេញ)៖ លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យ រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ពិចារណាបន្ថែមទៀត ចំពោះការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីមានការប្រតិកម្មពីប្រជាពលរដ្ឋជាច្រើន ដែលបារម្ភចំពោះភាពតឹងរឹងនៃការអនុវត្តច្បាប់នេះ។
លោកស្រី ហ៊ុន ស៊ីណាត បានសរសេរនៅលើទំព័រ Facebook នៅថ្ងៃអាទិត្យនេះថា «ក្នុងនាមប្រជាពលរដ្ឋមួយរូបនាងខ្ញុំសូមសំណូមពរដល់ថ្នាក់ដឹកនាំ មេត្តាត្រួតពិនិត្យលើច្បាប់ថ្មីនេះមុននឹងដាក់អនុវត្តន៍ ព្រោះថាប្រជាជនកំពុងតែមានប្រតិកម្មខ្លាំងណាស់»។
លោកស្រីលើកឡើងថា «តើច្បាប់បង្កើតឡើងដើម្បីជួយការពាររាស្ត្រឬធ្វើបាបរាស្ត្រ??ប្រសិនបើចង់រឹតបន្តឹងច្បាប់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍គឺគួរតែចាប់ផ្តើមចេញពីសណ្តាប់ធ្នាប់ នៃការបើកបរនិងការចតយានជំនិះគ្មានសណ្តាប់ធ្នាប់នៅលើតាមដងវិថីនានា មិនមែនចែងច្បាប់ចេញមកយកការផាកពិន័យជាប្រាក់ច្រើនបែបនេះឡើយ ប្រជាជនកម្ពុជានៅមានកង្វះខាតផ្នែកចំណេះដឹង ហេតុដូច្នេះយើងគួរតែចូលរួមផ្សព្វផ្សាយចំណេះដឹងឱ្យបានទូលំទូលាយជាមុនសិន មុននឹងអនុវត្តច្បាប់បែបប្រទេសជឿនលឿនបែបនេះ..រឿងផ្ទេរឈ្មោះឡានក៏ជាដើមចមមួយដែរ សួរថាចុះអ្នកដែលទិញឡានពីមុនហើយតើតម្រូវឱ្យគ្នាដើររកម្ចាស់ដើមដើម្បីផ្ទេរឈ្មោះមែនទេ? ឯបណ្ណ័សំគាល់រថយន្តដែលតម្រូវឱ្យយកតាមខ្លួននោះចុះបើចោរវាប្លន់ហើយយកទៅទាំងអស់តើជនរងគ្រោះបានអ្វីសំអាងជាមួយសមត្ថកិច្ច ដើម្បីតាមរកឡានម៉ូតូដែលត្រូវចោរលួចនោះ?? ខ្ញុំសង្កេតឃើញថាមានមតិខ្លះ អោយយកកាតគ្រីកូពីទៅបញ្ជាក់ពីសាលាខណ្ឌ តើវាជាសេវាកម្មហ្វ្រី(Free)ឬ??ខ្ញុំស្ទើរតែមិនជឿរថាមានសេវាកម្មបែបនោះព្រោះថាសូម្បីតែបណ្ណ័គ្រួសារ ការធ្វើអត្តសញ្ញណប័ណ្ណនាៗក៏នៅមានអំពើរសូកប៉ាន់នៅឡើយ ទោះបីជាមាន ប្រតិកម្មពីថ្នាក់ដឹកនាំជាន់ខ្ពស់ក៏ដោយ»។
ច្បាប់ចរាចរណ៍ផ្លូវគោក ដែលត្រូវបានធ្វើវិសោធនកម្មជាថ្មីដោយរដ្ឋសភា កាលពីឆ្នាំមុន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ២០១៦តទៅ។ ច្បាប់នេះមានលក្ខណៈតឹងរឹង តម្រូវឱ្យប្រជាពលរដ្ឋ អ្នករស់នៅ ឬធ្វើដំណើរតាមដងវិថីគោរពឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ហើយការផាកពិន័យក៏មានលក្ខណៈខ្លាំងជាងច្បាប់ចាស់ដែលមានលក្ខណៈធូររលង់។
លោកស្រី ហ៊ុន ស៊ីណាត បានជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធ បង្កើនការពន្យល់អប់រំនិងពង្រឹងសណ្តាប់ធ្នាប់នានា នៅលើចិញ្ចើមផ្លូវ ដូចជាកន្លែងខ្លះយកជាកម្មសិទ្ធចតយានយន្ត ហើយថាគួរតែដាក់ពិន័យឱ្យខ្លាំងចំពោះជនណា ដែលបើកបរលើសល្បឿនកំណត់និងសេពគ្រឿងស្រវឹងក្នុងកំឡុងពេលបើកបរល្អជាង..រឹតបន្តឹងឡានធំៗដែលបើកបរដោយបុគ្គលដែលគ្មានបណ្ណ័បើកបរឬដាក់បន្ទុកលើក្រុមហ៊ុនជួលឡានធំៗ ដែលមិនបានយកចិត្តទុកដាក់ ចំពោះអាយុជីវិតអ្នកដទៃនៅពេលដែលបុគ្គលិករបស់ខ្លួនបើកបរដោយមិនគោរពសិទ្ធិអ្នកដទៃ។
លោកស្រីសរសេរថា «សង្ឃឹមថា ក្រសួងមហាផ្ទៃ និងសភា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ពិនិត្យនិងពិចារណាបន្ថែមទៀត នៅច្បាប់ចរាចរណ៍ថ្មី២០១៦នេះ ប្រជាជនប្រតិកម្មខ្លាំងពេក»។
ទោះជាយ៉ាងនេះក្តី នាពេលកន្លងមក មន្រ្តីជាន់ខ្ពស់មួយរូប បាននិយាយថា ការរឹតបន្តឹងច្បាប់ចរាចរណ៍មានគោលដៅដូចជាបន្ថយចំនួនមនុស្សស្លាប់របួសនិងការខូចខាត ហើយអប់រំខ្មែរឲ្យគោរពច្បាប់ ខ្លាចច្បាប់ អប់រំនរគបាលឲ្យចេះអនុវត្តច្បាប់ឲ្យបានស្មើភាពជាដើម៕