(កំពង់ឆ្នាំង)៖ លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានអះអាងថា អ្នកមកពីប្រទេសម៉ាឡេស៉ី ៣នាក់ ដែលបានឆ្លងវីរុស COVID-19 នៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កំពុងមានសុខភាពធម្មតា ទាំងការញ៉ាំអាហារ និងការវិវត្តនៃជំងឺ មិនមានអ្វីគួរឲ្យបារម្ភនោះឡើយ និងកំពុងឈានទៅរកការជាសះស្បើយ ពីជំងឺដ៏កាចសាហាវមួយនេះ ក្នុងពេលឆាប់ៗប៉ុន្មាន ថ្ងៃខាងមុខនេះទៀតផង។
លោកបានបញ្ជាក់បែបនេះ ក្នុងពេលលោកដឹកនាំក្រុមគ្រូពេទ្យជួរមុខ ចុះពិនិត្យសុខភាព និងយកសំណាកអ្នកឆ្លងវីរុស COVID-19 ទាំង៣នាក់ ទៅពិនិត្យជាលើកទី២ នៅវិទ្យាស្ថានប៉ាស្ទ័រ នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ។
លោក ប្រាក់ វ៉ុន បានបន្តថា អ្នកឆ្លងវីរុស COVID-19 ទាំង៣នាក់នោះ មានទីលំនៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងកំពុងដាក់សំរាកព្យាបាលដាច់ដោយឡែក នៅក្នុងមន្ទីរពេទ្យបង្អែក ស្រុកកំពង់ត្រឡាច ក្នុងនោះជនរងគ្រោះទី១ មានអាយុ៧៥ឆ្នាំ, ទី២មានអាយុ ៣៦ឆ្នាំ និងទី៣មានអាយុ២៨ឆ្នាំ។ អ្នកទាំង ៣នាក់ បានទៅប្រទេសម៉ាឡេស៉ីចូលរួមបុណ្យសាសនាតាមប្រពៃណី តែនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ពួកគេត្រូវបានពិនិត្យឃើញវិជ្ជមានវីរុស COVID-19។
ភ្លាមៗនោះលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងខេត្តកំពង់ឆ្នាំង រួមនឹងមន្ទីរក្រសួងសុខាភិបាល បានយកពួកគាត់ទៅសម្រាកព្យាបាល ដាច់ដោយឡែក នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច។ មកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ អ្នកឆ្លងវីរុស COVID-19 ទាំង៣នាក់នោះ គឺមានសុខភាពមាំមួនធម្មតាទេ និងកំពុងឈានទៅរកការជាសះស្បើយពីជំងឺនេះថែមទៀតផង។
លោកប្រធានមន្ទីរសុខាភិបាល បានបន្ថែមថា ចំពោះក្រុមគ្រួសារអ្នកផ្ទុកវីរុស COVID-19 ទាំង៣ នាក់នោះ ពុំមានអ្នកណាម្នាក់មានវិជ្ជមានទៀតនោះទេ ហើយក្រុមការងារ នៃមន្ទីរសុខាភិបាល រួមនឹងអាជ្ញាធរមានសមត្ថកិច្ចកំពុងមមាញឹក ចុះអប់រំណែនាំប្រជាពលរដ្ឋក្នុងសហគមន៍ ដែលមានសមាជឹកឆ្លងវីរុស COVID-19 ឲ្យពួកគាត់ចេះថែរក្សាសុខភាព ដោយរស់នៅស្អាត ញាំស្អាត ផឹកស្អាត។
ជាមួយគ្នានោះដែរ ក្រុមការងារក៏កំពុងបាញ់ថ្នាំសំលាប់មេរោគនៅតាមសហគមន៍ និងទីប្រជុំជននានា ព្រមទាំងកំពុងស្រាវជ្រាវ អញ្ជើញអ្នកធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកផ្ទុកវីរុស COVID-19 ទាំង៣នាក់ មកពិនិត្យជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការឆ្លងរីករាល ដាលនៃជំងឺមួយនេះ។
លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគម ជាមួយពួកគាត់ទាំង ៣នាក់ សូមកុំមានការរើសអើងជាមួយពួកគាត់ ព្រោះពួកគាត់សុទ្ធតែជាជនរងគ្រោះ ដែលមិនចង់មានជំងឺ បែបនេះឡើយ ហើយនៅពេលដែលពួកគាត់ បានជាសះស្បើយត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញនោះ គឺពួកគាត់មានសុខភាពជាធម្មតាវិញហើយ។ ដូច្នេះសូមបងប្អូននៅក្នុង សហគមន៍ ពុំមានការភ័យខ្លាចចំពោះពួកគាត់នោះទៀតឡើយ៕