(ភ្នំពេញ)៖ លោក ឌីមីទ្រី ឆ្វេតកូវ (Dmitry Tsvetkov) ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំកម្ពុជា បានបញ្ជាក់ថា រុស្ស៊ីគាំទ្រកម្ពុជាពេញទំហឹង ដើម្បីធ្វើជាអ្នកសង្កេតការណ៍អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ខណៈក្រុមការងារកម្ពុជា-រុស្ស៊ី បានចាប់ផ្ដើមការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី រួចហើយ តបតាមសំណើររបស់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។

លោក ឌីមីទ្រី ឆ្វេតកូវ (Dmitry Tsvetkov) បានបញ្ជាក់ថា រុស្ស៊ីគាំទ្រកម្ពុជាពេញទំហឹង ដើម្បីធ្វើជាអ្នកសង្កេតការណ៍អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ក្រោយក្រុមការងារកម្ពុជា-រុស្ស៊ី បានចាប់ផ្ដើមការចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីរួចហើយ។

ការប្រកាសគាំទ្រកម្ពុជារបស់លោក ឌីមីទ្រី ឆ្វេតកូវ បានធ្វើឡើងនៅក្នុងឱកាសដែលឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អនុញ្ញាតឱ្យលោកចូលជួប នឹងសម្តែងការគួរសម នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ឯកអគ្គរដ្ឋទូតរុស្ស៊ីរូបនេះ បានកោតសរសើរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យ ដែលមានកំណើនសេដ្ឋកិច្ច ក្នុងរង្វង់ ៧ភាគរយ ជាច្រើនឆ្នាំកន្លងមក ទោះបីជាកម្ពុជាមិនមែន ជាប្រទេសផលិតប្រេងកាត និងហ្គាស ដូចប្រទេសដទៃក៏ដោយ។ បន្ថែមពីនេះលោកមានការរីករាយណាស់ ក្នុងរយៈពេលបេសសកម្មរបស់លោក កិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់គ្នា ចំនួន៥១ បានចុះហត្ថលេខារវាងកម្ពុជា និងរុស្ស៊ី ធ្វើឱ្យកិច្ចសហប្រតិបត្តិការ របស់យើងកាន់តែស៊ីជម្រៅ។

លោកសង្ឃឹមថា ប្រធានាធិបតីរុស្ស៊ីនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅកម្ពុជា ពេលខាងមុខនេះ។

ជាការឆ្លើយតបឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានលើកសរសើរឯកអគ្គរដ្ឋទូតរុស្ស៊ី ដែលបានខិតខំរួមចំណែកធ្វើឱ្យមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-រុស្ស៊ី បានរីកចម្រើនជាបន្ដបន្ទាប់ ក្នុងពេលបេសកកម្មរបស់លោក នៅកម្ពុជា អស់រយៈពេលជិត ៦ឆ្នាំ និងមានប្រសាសន៍ថា កម្ពុជា និងរុស្ស៊ីមានទំនាក់ទំនងល្អ និងចំណងមិត្តភាពយូរអង្វែង។ កន្លងមកប្រជាជនរុស្ស៊ី បានជួយកម្ពុជាយ៉ាងច្រើន ក្នុងគ្រាដ៏លំបាកបំផុតកន្លងមក ដើម្បីកសាង និងអភិវឌ្ឍប្រទេសកម្ពុជា។

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានបន្តថា ប្រទេសទាំងពីរមានទំនាក់ទំនងដ៏ល្អ ព្រមទាំងមានកិច្ចសហប្រតិបត្តិការដ៏រឹងមាំលើវិស័យជាច្រើន កិច្ចព្រមព្រៀងទ្វេភាគី និងអនុស្សារណៈយោគយល់គ្នាប្រមាណ ៥១ ត្រូវបានចុះហត្ថលេខាលើវិស័យជាច្រើន ចាប់តាំងពីឆ្នាំ២០១៥ មានជាអាទិ៍ ពាណិជ្ជកម្ម វិនិយោគ ធនាគារ កសិកម្ម បរិស្ថាន និងសន្តិសុខ។ល។ បច្ចុប្បន្ននេះ ភាគីទាំងពីរមានកិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់គ្នា ចំនួន ១៤ ដែលកំពុងត្រូវបានចរចា ដែលកិច្ចព្រមព្រៀងមួយចំនួនអាចនឹងត្រូវចុះហត្ថលេខានាពេលអនាគត រួមមាន៖ វិស័យអប់រំ ច្បាប់ យុវជន ទេសចរណ៍។ល។

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក៏បានលើកថា ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការពហុភាគី គណៈកម្មការអន្តររដ្ឋាភិបាលស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេកទេស ត្រៀមខ្លួនរួចជាស្រេចដើម្បីរៀបចំសម័យប្រជុំលើកទី១១ នៅថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២០ នៅទីក្រុងភ្នំពេញ ក្នុងទិសដៅពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែរឹងមាំថែមទៀត។

ឧបនាយករដ្ឋមន្រ្តីសង្ឃឹមថា ប្រធានាធិបតីរុស្ស៊ីនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅខែវិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដែលនេះជាវេទិកាដ៏សំខាន់ ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឲ្យកាន់តែរឹងមាំថែមទៀត រវាងបណ្តាប្រទេសអាស៊ី និងអឺរ៉ុប ដែលនឹងអាចមានប្រមុខរដ្ឋ/រដ្ឋាភិបាលប្រមាណ ៥១ ប្រទេសចូលរួម។

ឧបនាយករដ្ឋមន្រ្តី បានលើកថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-រុស្ស៊ី មានចំនួន ៥៥.៣៩លានដុល្លារ នៅឆ្នាំ ២០១៩ សង្ឃឹមថា ទំហំពាណិជ្ជកម្ម រវាងកម្ពុជា-រុស្ស៊ី នឹងមានការកើនឡើងថែមទៀត នៅឆ្នាំ២០២០នេះ។ ដោយឡែក អ្នកទេសចររុស្ស៊ី បានមកទស្សនាកម្ពុជា មានចំនួន ៥៥,៦៥៣នាក់ នៅឆ្នាំ២០១៩ សង្ឃឹមថា ចំនួនអ្នកទេសចរ រុស្ស៊ីមកកម្ពុជា នឹងបន្តកើនឡើងជាបន្តបន្ទាប់នៅបណ្តាឆ្នាំខាងមុខ។

ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណរុស្ស៊ី ដែលបានជួយកម្ពុជាយ៉ាងច្រើនលើគ្រប់វិស័យ និងផ្តល់អាហារូបករណ៍ចំនួន ២០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីសិក្សានៅរុស្ស៊ី សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ដោយការសិក្សានៅរុស្ស៊ី មានសារសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕