(ភ្នំពេញ)៖ ក្នុងគោលបំណង ចូលរួមបង្ការការពារ និងទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺឆ្លងកូវីដ១៩ (Covid-19) លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានផ្ញើសារណែនាំ ដល់មន្ទីរកិច្ចការនារី រាជធានី-ខេត្ត ទាំងអស់ ត្រូវចូលរួមសហការ ជាមួយអាជ្ញាធរមូលដ្ឋាន និងសុខាភិបាល ដើម្បីបង្កើនការផ្សព្វផ្សាយ ពីវិធានការបង្ការការពារ ទប់ស្កាត់ជំងឺនេះ។
លើសពីនោះទៀត លោកស្រី អ៉ឹង កន្ថាផាវី ក៏បានប្រាប់ដល់ប្រធានមន្ទីរ រាជធានី-ខេត្ត ទាំងអស់ ត្រូវក្តាប់ឲ្យបាន នូវវត្តមានបងប្អូនពលករ ដែលទើបមកពីប្រទេសថៃ ដើម្បីជំរុញការអនុវត្តវិធាន «ដាក់ខ្លួនឯង ឲ្យនៅដាច់ដោយឡែក» (self-isolation quarantine) រយៈពេល១៤ថ្ងៃ ដើម្បីបង្ការ ការចម្លងទៅកាន់ក្រុមគ្រួសាររបស់គាត់ និងត្រូវអនុវត្តវិធានការ អនាម័យជាប្រចាំ។
តាមសារណែនាំ របស់លោកស្រី អ៉ឹង កន្ថាផាវី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងទៀតថា ក្នុងករណី ដឹងថា ខ្លួនឯងមានអាការៈមិនស្រួលខ្លួនដូចជា ឡើងកំដៅ ក្អកស្ងួត និងថប់ដង្ហើម ឬពិបាកដកដង្ហើម ត្រូវទៅជួបគ្រូពេទ្យ ឬមន្ដ្រីសុខាភិបាលមូលដ្ឋាន ជាបន្ទាន់ ឬទូរស័ព្ទ ទៅកាន់លេខ១១៥។
លោកស្រី អ៉ឹង កន្ថាផាវី បានបញ្ជាក់យ៉ាងដូច្នេះថា «បើស្រឡាញ់កូន គ្រួសារនិងសង្គម ត្រូវដាក់ខ្លួនឯង ឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃសិន»។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង១១ព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ករណីវិជ្ជមានកូវីដ១៩ នៅកម្ពុជា មានចំនួនសរុប៨៦នាក់ហើយ (ស្រី២១នាក់ ប្រុស៦៣នាក់ ដែលក្នុងនោះមានចិន១នាក់ (នៅខេត្តព្រះសីហនុ បានជាសះស្បើយ) អង់គ្លេស ៣នាក់ (ក្នុងនោះមាន១នាក់បានជាសះស្បើយហើយ) កាណាដា១នាក់ ប៊ែលហ្សិក១នាក់ បារាំង៣៣នាក់ (ក្នុងនោះមានកូនប្រុសបង្កើតអាយុ៤ខែ) ម៉ាឡេស៊ី១២នាក់ និងខ្មែរ៣៣នាក់។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រុមការងាររបស់ខ្លួន កំពុងតែធ្វើកិច្ចការស្រាវជ្រាវករណីថ្មីបន្តទៀត ហើយនឹងបន្តជម្រាបជូនប្រជាពលរដ្ឋ ប្រសិនបើមានករណីវិជ្ជមានកូវីដ១៩ ថ្មីណាផ្សេងទៀត៕