(សៀមរាប)៖ នគរបាលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដឹកនាំកម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយអធិការដ្ឋាននគរបាលស្រុកជីក្រែង ចុះនាំខ្លួនម្ចាស់គណនីហ្វេសប៊ុកម្នាក់នៅឃុំកំពង់ក្តី ស្រុកជីក្រែងខេត្តសៀមរាប ពាក់ព័ន្ធនឹងការបង្ហោះសារសំលេងនូវព័ត៌មានមិនពិត ដែលបានធ្វើឱ្យបានការភ្ញាក់ផ្អើយដល់ប្រជាពលរដ្ឋនៅផ្សារកំពង់ក្តី មកអប់រំ និងធ្វើកិច្ចសន្យាពាក់ព័ន្ធនឹង COVID-19។
លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ដោយមានការឯកភាព ពីលោកស្នងការនគរបាលខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប, កងកម្លាំងនគរបាលផែនការងារសន្តិសុខ បានដឹកនាំ កម្លាំងការិយាល័យប្រឆាំង បទល្មើសបច្ចេកវិទ្យា សហការអធិការដ្ឋាននគរបាលស្រុកជីក្រែង ចុះទៅធ្វើការនាំខ្លួនម្ចាស់គណនីហ្វេសប៊ុក «NgorKav Tong» ដែលមានអ្នកប្រើប្រាស់ឈ្មោះ ង៉ោ កាវតុង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងជួសជុលទូរសព្ទ ទីលំនៅបច្ចុប្បន្ន ភូមិកំពង់ក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែងខេត្តសៀមរាប ពាក់ព័ន្ធនឹងការបង្ហោះសារសំលេងនូវព័ត៌មានមិនពិត ដែលបានធ្វើឱ្យបានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋនៅផ្សារកំពង់ក្តី កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ។
ក្រោយការសាកសួរ សាមីខ្លួនបានសារភាព ចំពោះមុខសមត្ថកិច្ច ហើយបានធ្វើកិច្ចសន្យាអប់រំ និងមានអាណាព្យាបាលធានាបានឱ្យត្រឡប់ទៅផ្ទះវិញ៕