(ភ្នំពេញ)៖ ធនាគារ ព្រីនស៍ នាពេលថ្មីៗនេះ ទទួលបានពានរង្វាន់ «និយោជកល្អបំផុត លំដាប់ថ្នាក់សកលលោក (Global Best Employer Brand Award)» ប្រចាំឆ្នាំ ២០២០ នៅទីក្រុងបុមបៃ ប្រទេសឥណ្ឌា ក្រោយពីទទួលបានពានរង្វាន់ ឈ្មោះនិយោជកល្អបំផុតប្រចាំនៅកម្ពុជា កាលពីខែមករាកន្លងទៅ នៅទីក្រុងបាងកក ប្រទេសថៃ។

កាលពីឆ្នាំ២០១៩កន្លងទៅ ធនាគារ ព្រីនស៍ ក៏ទទួលបានពានរង្វាន់លើកទីមួយរបស់ខ្លួន នៅប្រទេសសិង្ហបុរី ក្នុងនាមជាស្ថាប័ន ដែលឈ្នះពានរង្វាន់ ឈ្មោះនិយោជក ល្អបំផុតទាំង១០០ នៅអាស៊ី។ គ្រប់ពានរង្វាន់ ដែលមានកិត្យានុភាពទាំងនេះ ត្រូវបានផ្តល់ជូនដោយដោយ The Employer Branding Institute, World HRD Congress និង Stars of the Industry Group។

លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ ធនាគារ ព្រីនស៍ បានលើកឡើងថា «ពានរង្វាន់ដែលទទួលបានក្នុងថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងពីប្រសិទ្ធភាព នៃការអនុវត្ត របស់ ធនាគារ ព្រីនស៍ ក្នុងការអភិវឌ្ឍ និងរក្សានូវទេពកោសល្យបុគ្គលិក។ ការអភិវឌ្ឍធនធានមនុស្ស ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជោគជ័យរបស់ក្រុមហ៊ុន យើង ហើយយើងបានខិតខំបំពេញកិច្ចការងារ យ៉ាងសស្រាក់សស្រាំ ដើម្បីកសាងមូលដ្ឋានដ៏រឹងមាំ សម្រាប់ការគ្រប់គ្រងធនធានមនុស្ស និងការអភិវឌ្ឍអាជីព ដែលជាផ្នែកមួយ នៃយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ដើម្បីសម្រេចបានកំណើន និងលទ្ធផលដែលយើងគ្រោងទុក»

លោក ហ៊ន់ សុរចនា បានបន្ដទៀតថា ក្នុងរយៈពេលមិនដល់ពីរឆ្នាំផង បន្ទាប់ពីបានកម្លាយខ្លួន ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅជាធនាគារពាណិជ្ជ ធនាគារ ព្រីនស៍ បានផ្តោតការខិតខំ សំដៅឆ្ពោះទៅកាន់ការក្លាយខ្លួនជា «និយោជកដែលជាជម្រើសទីមួយ»

លោកប្រធាននាយកប្រតិបត្តិ បាន​បន្ថែមទៀតថា «យើងចង់បង្កើតបរិយាកាសការងារមួយ ដែលមាននីតិវិធីសម្របសម្រួល កិច្ចការធនធានមនុស្សច្បាស់លាស់ ឱកាសគ្រប់គ្រាន់ឲ្យបុគ្គលិក បានទទួលបានការបណ្តុះបណ្តាល និងអភិវឌ្ឍខ្លួន វប្បធម៌បំពេញការងារដែលផ្អែកលើគុណតម្លៃ និងទំនួលទំនួលខុសត្រូវ ព្រមទាំងការលើកទឹកចិត្ត សម្រាប់ការទំនាក់ទំនងដោយចំហ និងប្រកបដោយភាពស្មោះត្រង់»

លោកបន្ដថា ទាក់ទងនឹងការជ្រើសរើសបុគ្គលិក ធនាគារ បានលើកទឹកចិត្តដល់ការចូលរួមរបស់យុវជននៅក្នុងប្រទេសកម្ពុជា ដោយចូលរួមក្នុងកម្មវិធី ពិព័រណ៍ការងារ នៅតាមបណ្តាសាកលវិទ្យាល័យនានា និងមានការផ្សព្វផ្សាយ ទៅកាន់គ្រឹះស្ថានអប់រំតាមខេត្តផងដែរ ។

ធនាគារ ព្រីនស៍ ក៏បានបង្កើតកម្មវិធីកម្មសិក្សា ដោយផ្តល់ឱកាសដល់និស្សិតសាកលវិទ្យាល័យ ដើម្បីហាត់ការក្នុងផ្នែកជាបុគ្គលិកជួរមុខ ក៏ដូចជាបុគ្គលិក នៃការិយាល័យកណ្តាល។ កម្មវិធីនេះ អនុញ្ញាតឲ្យយុវជនទទួលបាន បទពិសោធន៍ជាក់ស្តែង ពីការធ្វើការងារជាបុគ្គលិកពេញម៉ោង នៅធនាគារ ព្រីនស៍។

លើសពីនេះទៅទៀត ស្របតាមទិសដៅដើម្បីក្លាយខ្លួន ជាធនាគារឌីជីថលដែលរីកចម្រើន លឿនបំផុតនៅក្នុងប្រទេសកម្ពុជា ធនាគារ ព្រីនស៍ បានប្រើប្រាស់សក្តានុពល នៃបច្ចេកវិទ្យាឌីជីថល ដើម្បីបម្រើដល់ កិច្ចការងាររបស់បុគ្គលិក ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស។

ធនាគារ បានដាក់ចេញនូវប្រព័ន្ធព័ត៌មានធនធានមនុស្ស ដែលរួមបញ្ចូលកម្មវិធីទូរស័ព្ទដៃ ដែលនិយោជិកអាចគ្រប់គ្រងការឈប់សម្រាក ព័ត៌មានប្រាក់បៀវត្ស ទិន្នន័យ បុគ្គលិក និងមុខងាររដ្ឋបាលធនធានមនុស្សផ្សេងទៀត ពីទូរស័ព្ទដៃទំនើបរបស់ពួកគេ។ កម្មវិធីនេះ ធ្វើឲ្យដំណើរការគ្រប់គ្រង ធនធានមនុស្សកាន់តែ មានប្រសិទ្ធភាព ដោយជួយកាត់បន្ថយពេលវេលា ឆ្លើយតបទៅនឹងការងាររដ្ឋបាល កាត់បន្ថយការប្រើប្រាស់ក្រដាស និងរួមចំណែកដល់ដំណោះស្រាយថែរក្សាបរិស្ថានផងដែរ។

បច្ចេកវិទ្យាឌីជីថល ក៏ជួយដល់ កិច្ចការ បណ្តុះបណ្តាលបុគ្គលិករបស់ធនាគារដែរ។ ធនាគារ បានដាក់ឲ្យដំណើរការនូវប្រព័ន្ធគ្រប់គ្រង ការបណ្តុះបណ្តាលដែលផ្តល់ ជូនតាមឌីជីថល ដើម្បីភាពងាយស្រួលដល់បុគ្គលិក-និយោជិក ក្នុងការរៀនមុខវិជ្ជានានាដើម្បីបញ្ចាប់វគ្គសិក្សា ស្របទៅតាមល្បឿនរបស់ពួកគេរៀងៗខ្លួន។

កម្មវិធីរៀនតាមប្រព័ន្ធអេឡិចត្រូនិចនេះ បំពេញបន្ថែមលើវគ្គសិក្សានៅក្នុងថ្នាក់ ដែលមានដូចជាការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញគ្រប់គ្រង ដែលចាំបាច់ដើម្បីទទួលបានជោគជ័យក្នុងកិច្ចការងាររបស់បុគ្គលិកនិងការផ្តល់សេវាកម្មជូនអតិថិជន។

យុទ្ធសាស្រ្តទាំងនេះរួមជាមួយនឹងគុណតម្លៃស្នូល ដែលមានដូចជា វិជ្ជាជីវៈ ការទទួលខុសត្រូវសុចរិតភាព សេចក្តីថ្លៃថ្នូ ការប្តេជ្ញាចិត្ត និងការឲ្យតម្លៃខ្លួនឯង មានគោលបំណង បង្កើតនូវកន្លែងការងារអាជីព ដែលអនុញ្ញាតឲ្យបុគ្គលិក ទទួលបានភាពជោគជ័យនៅក្នុងក្រុមហ៊ុន ហើយធនាគារមានជំនឿជាក់ថា យុទ្ធសាស្ត្រនេះ ជួយបន្តទាក់ទាញ និងរក្សាបុគ្គលិក ដែលមានការតាំងចិត្ត និងមានសមត្ថភាពខ្ពស់ផងដែរ។

រយៈពេលជិតពីរឆ្នាំមកនេះ ធនាគារ ព្រីនស៍ បានបង្កើនឡើងសឹងតែមួយទ្វេរជាពីរ ដែលចំនួនបុគ្គលិករហូតដល់១,០០០ជាងនាក់ ។ ធនាគារ ព្រីនស៍ ពិតជាមានមោទនភាពណាស់ដែល ទទួលបានកិត្តិនាមតាមរយៈពានរង្វាន់ឈ្មោះនិយោជកឆ្នើម លំដាប់ថ្នាក់ពិភពលោក នៅក្នុងត្រីមាសទី១នៃឆ្នាំថ្នីនេះ ។

ធនាគារ ព្រីនស៍ នឹងបន្តអភិវឌ្ឍ និងកែលម្អកម្មវិធីគ្រប់គ្រងធនធានមនុស្សរបស់ធនាគារ ដើម្បីធានាបានថា បុគ្គលិករបស់យើង អាចសម្រេចបានគោលដៅយុទ្ធសាស្ត្រ សម្រាប់ពេលបច្ចុប្បន្ន ក៏ដូចជាត្រៀមខ្លួនក្លាយជាអ្នកដឹកនាំ បន្តទៅថ្ងៃអនាគត និងត្រៀមខ្លួនជាស្រេច ដើម្បីជំរុញឲ្យធនាគារ ព្រីនស៍ ក្លាយជាធនាគារឌីជីថល ដែលផ្តល់ជូននូវបទពិសោធន៍អតិថិជនល្អបំផុត៕