(ស្វាយរៀង)៖ អគារសិក្សាមួយខ្នងកម្ពស់ពីរជាន់ មាន ១០បន្ទប់ តម្លៃប្រមាណ ២០ម៉ឺនដុល្លារ ក្នុងសាលាបឋមសិក្សា ម៉ឹង សំផន នៅ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្ដស្វាយរៀង បានបើកទ្វារស្វាគមន៍កូនចៅប្រជាពលរដ្ឋហើយនាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦។
ពិធីសម្ពោធនេះ ធ្វើឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច លោកស្រី ម៉ែន សំអន។ ពិធីសម្ពោធសមិទ្ធផលថ្មី ដើម្បីបណ្តុះធនធានកូនចៅប្រជាពលរដ្ឋលើទឹកដីជនបទនេះ ក៏មានការអញ្ជើញចូល រួមពីនាយឧត្ដមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និង សិស្សានុសិស្ស ប្រជាពលរដ្ជជាង ១ពាន់នាក់។
ថ្លែងក្នុងពិធីនោះលោកស្រីឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន បានថ្លែងអំណរគុណដល់ នាយឧត្តមសេនីយ៍ ម៉ឹង សំផន និង ភរិយា ដែល បានរួមចំណែកយ៉ាងសកម្មក្នុងការកសាង សមិទ្ធផលនានាលើទឹកដីខេត្តស្វាយរៀងបម្រើប្រយោជន៍ជូនប្រជាពលរដ្ឋ។
លោកស្រី បានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះ បង្ហាញយ៉ាងច្បាស់ពីមនោសញ្ចេតនា គោរពស្រឡាញ់ និង ការយកចិត្ដទុកដាក់ខ្ពស់របស់លោក ម៉ឹង សំផន រួមទាំងក្រុមការងារចំពោះប្រជាពលរដ្ឋនៅមូលដ្ឋាន។ លោកស្រី ចាត់ទុកសមិទ្ធផលអគារសិក្សាសម្ពោធនៅថ្ងៃ នេះ គឺឆ្លើយតបតម្រូវការរបស់កូនចៅប្រជាពលរដ្ឋ ក្នុងការក្រេបជញ្ជក់ចំណេះវិជ្ជា ឲ្យក្លាយជាកុលបុត្រ កុលធីតាល្អ ពោរពេញដោយ ចំណេះដឹង និង ជាទំពាំងស្នងឫស្សីរបស់សង្គមជាតិ។
លោកឧបនាយករដ្ឋមន្រ្តី បានរំលឹកថា រយៈពេល ៣៧ឆ្នាំកន្លងទៅ បន្ទាប់ពីការវាយផ្តួលរំលំរបប ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ ១៩៧៩ ប្រជាជនកម្ពុជា បានសម្រេចនូវការផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដែលគ្មានអ្នកណានឹកស្មានដល់។ កម្ពុជាប្រែក្លាយពីវាលពិឃាដ នៃរបបប្រល័យពូជសាសន៍, ពីសមរភូមិនៃសង្គ្រាមដ៏រាំរ៉ៃ, ការបែកបាក់ជាតិ ការបែងចែកទឹកដី ក្លាយជាប្រជាជាតិមួយដ៏មានសុខសន្តិ ភាព, សេរីភាព, ឯកភាព, ស្ថិរភាព, និងអភិវឌ្ឍន៍លើគ្រប់វិស័យ ធ្វើឲ្យជីវភាពប្រជាជន ត្រូវបានលើកកម្ពស់ឥតឈប់ឈរ។
លោកស្រី ម៉ែន សំអន បានគូសបញ្ជាក់ដូច្នេះ «នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរយៈពេលជាង ៥០០ឆ្នាំមកនេះ បន្ទាប់ពីសម័យ អង្គរដ៏រុងរឿង ដែលប្រជាជនកម្ពុជាទទួលបានសន្តិភាពពេញលេញ មានការឯកភាពជាតិ ឯកភាពទឹកដី និង កំពុងរស់នៅយ៉ាងសុខដុម រមនាក្រោមដំបូល នៃរដ្ឋធម្មនុញ្ញតែមួយ»។
នៅព្រឹកមិញនេះ លោកស្រី ឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន ក៏បាននាំយកអំណោយចែកជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលចូលរួមកម្មវិធីផងដែរ៕