(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យជំនាញរបស់ចិន ចំនួន៧នាក់ ដែលមានបទពិសោធខ្ពស់ក្នុងការព្យាបាលកូវីដ១៩ បានមកដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ដើម្បីចែករំលែកបទពិសោធន៍ក្នុងការព្យាបាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។
លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាពរបស់ចិន ប្រចាំនៅកម្ពុជា បានអញ្ជើញទៅទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូក្រុមគ្រូពេទ្យជំនាញចិន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ក្រុមគ្រូពេទ្យចិនដែលមកកម្ពុជានេះ មិនមែនមកតែមនុស្សនោះទេ ពួកគេព្រមទាំងបាននាំមកនូវសម្ភារៈបរិក្ខាពេទ្យមកជាមួយផងដែរ ហើយអ្វីដែលពិសេសជាងនេះទៅទៀត គឺនៅគ្រប់សម្ភារៈបរិក្ខាពេទ្យចិនទាំងអស់ បានបំពាក់ដោយទង់ជាតិកម្ពុជា-ចិន ជាមួយនឹងពាក្យស្លោកថា «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»។
សម្ភារៈវេជ្ជសាស្រ្តមួយចំនួន ដែលចិនបាននាំមកឧបត្ថម្ភដល់កម្ពុជា មានដូចជា៖
១៖ ស្រោមដៃ ចំនួន៧០០០
២៖ ម៉ាសវ៉ះកាត់ ចំនួន៥៨០០០
៣៖ ម៉ាសវេជ្ជសាស្រ្តចំនួន ៥៥០០០
៤៖ ម៉ាស N95 ចំនួន៥០០០
៥៖ មួក ចំនួន១៨៥០០
៦៖ គម្របស្បែកជើង ចំនួន១៣០០
៧៖ អាវអ៊ាម ចំនួន១៣០០
៨៖ សម្លៀកបំពាក់សុវត្ថិភាពមន្រ្តីសុខាភិបាល ចំនួន១២៥០
៩៖ របាំងមុខវេជ្ជសាស្រ្ត ចំនួន២៩៨៩
១០៖ ទែម៉ូម៉ែត្រវាស់កំដៅប្រើអ៉ីនហ្វ្រារ៉េត ចំនួន៥០
១១៖ វ៉ែនតាសុវត្ថិភាព ចំនួន២២៨០។
កម្ពុជា គឺជាប្រទេសដែលមានមេដឹកនាំក្លាហាន ហ៊ានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនមុនគេបង្អស់ ចាប់តាំងពីប្រទេសនេះបានផ្ទុះជំងឺកូវីដ១៩ ដែលធ្វើឲ្យពិភពលោកមានការខ្លាចរអា។
គិតរហូតត្រឹមព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ កុម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨៤ករណីហើយក្នុងនោះមាននារី ២១នាក់ និងបុរស៦៣នាក់។ ក្នុងចំណោមអ្នកឆ្លងជំងឺនេះមានជនជាតិខ្មែរចំនួន៣៣នាក់ និងបរទេស៥១នាក់ ខណៈមានមនុស្សពីរនាក់ត្រូវបានព្យាបាលឱ្យជាសះស្បើយ៕