(ភ្នំពេញ)៖ ករណីចោរគាស់ផ្ទះប្រជាពលរដ្ឋ លួចយកម៉ូតូអស់២គ្រឿង នៅក្រោយវត្តទឹកថ្លា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅវេលាទាបភ្លឺ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ អធិការនគរបាលខណ្ឌសែនសុខ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង បានបញ្ជាកម្លាំងជំនាញព្រហ្មទណ្ឌ បើកការស្រាវជ្រាវ ប្រមូលភ័ស្ដុតាងកន្លែងកើតហេតុ ដើម្បីតាមបង្ក្រាបក្រុមជនសង្ស័យ។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News លោក ហួរ ម៉េងវ៉ាង បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាននេះ លោកបានបញ្ជាទៅអធិការរងទទួលផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ទឹកថ្លា ចុះស្រាវជ្រាវនៅកន្លែងកើតហេតុ ពិសេសយករូបថតវីដេអូចេញពីកាមេរ៉ាសុវត្ថិភាព ដើម្បីកំណត់មុខសញ្ញាជនសង្ស័យ។
បើតាមលោកអធិការ ភ្លាមៗកម្លាំងជំនាញរបស់លោក មិនទាន់ទទួលបានវីដេអូចេញពីកាមេរ៉ាសុវត្ថិភាពបាននោះទេ ដោយហេតុថា ម្ចាស់ផ្ទះដែលមានបំពាក់កាមេរ៉ា បានចេញទៅធ្វើការរហូតទល់ល្ងាចទើបត្រឡប់មកផ្ទះវិញ ប៉ុន្ដែទោះជាយ៉ាងណា លោកនឹងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក្រោយទទួលបានបណ្ដឹងពីប្រជាពលរដ្ឋ។
សូមជម្រាបថា ផ្ទះដែលចាស់ចូលគាស់លួចយកម៉ូតូនេះស្ថិតនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ម្ចាស់ផ្ទះបានឲ្យដឹងថា ម៉ូតូដែលចង់លួចយកទៅបាត់នេះរួមមាន៖ ម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០១៨មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1GZ-0030 និងមួយគ្រឿងម៉ាក់ស៊ុយស៊ូគីឡេត ពណ៌ក្រហម ពាក់ផ្លាកលេខ 1HU-8882។
ម្ចាស់ផ្ទះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋផងដែរ បើបានប្រទះឃើញម៉ូតូដែលមានផ្លាកលេខដូចរៀងរាប់ខាងលើសូមរាយការណ៍ទៅលេខទូរស័ព្ទលេខ 010 202 765។ ម្ចាស់ម៉ូតូនឹងមានជូនសគុណ៕