(កូឡាឡាំពួ, ម៉ាឡេស៊ី)៖ ស្ថានទូតខ្មែរ ប្រចាំប្រទេសម៉ាឡេស៊ី បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ ពលករ-ពលការិនី ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសម៉ាឡេស៊ី ប្រសិនបើមានអាការៈដូចជា៖ ក្តៅខ្លួន ក្អក ឈឺបំពងក ហៀរសំបោរ ដកដង្ហើមថប់ណែន ដោយសង្ស័យអំពីមេរោគ COIVD-19 សូមទៅពិនិត្យ និងទទួលាករព្យាបាលដោយឥតគិតថ្លៃ ទោះបីជាពុំមានឯកសារស្នាក់នៅស្របច្បាប់ក៏ដោយ។
យោងតាមសេចក្តីជូនដំនឹងរបស់ស្ថានទូតខ្មែរ ប្រចាំនៅប្រទេសម៉ាឡេស៊ី ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ក្នុងអំឡុងពេលអនុវត្តបទបញ្ជារឹងបន្តឹងការធ្វើដំណើរនវ អាជ្ញាធរម៉ាឡេស៊ី មិនចាប់ ឬឃាត់ខ្លួនជនទាំងឡាយណា ដែលសង្ស័យថាកើតជំងឺ COVID-19 រួមទាំងអ្នកដែលបានជូនអ្នកជំងឺទៅមន្ទីរពេទ្យ។ ចំពោះការស្នាក់នៅដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី អាជ្ញាធរម៉ាឡេស៊ី ពុំមានការលើកលែងទោសទេ ប៉ុន្តែនឹងពិនិត្យមើលតាមករណីចាំបាច់ជាក់ស្តែងនីមួយៗ។
ស្ថានទូតខ្មែរ នៅទីនោះក៏បានអំពាវនាវជាថ្មីម្តងទៀត សូមប្រជាពលរដ្ឋខ្មែរទាំងអស់ ប្រកាន់ខ្ជាប់ការថែរក្សាអនាម័យផ្ទាល់ខ្លួនឱ្យបានខ្ជាប់ខ្ជូន ដោយត្រូវលាងដៃនឹងសាប៊ូ ឬទឹកអាល់កុល អនាម័យឱ្យបានញឹកញាប់ សូមពាក់ម៉ាស់ការពារនៅពេលចាំបាច់ ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១ម៉ែត្រពេលនៅក្នុងចំណោមមនុស្សនៅកន្លែងផ្សារសាធារណៈ និងមិនត្រូធ្វើដំណើរទៅកាន់ទីកន្លែងដែលមានមនុស្សច្រើនកុះករ ឬទីកន្លែងដែលអាជ្ញាធរម៉ាឡេស៊ី បានហាមឃាត់ជាបណ្តុះអាសន្ន។
ស្ថានទូតខ្មែរ នៅម៉ាឡេស៊ី បានបន្ថែមទៀតថា ក្នុងករណីមានអាការៈដូចជា៖ ក្តៅខ្លួន ក្អក ឈឺបំពងក ហៀរសំបោរ ដកដង្ហើមថប់ណែត ដោយសង្ស័យអំពីមេរោគ COIVD-19 ឬមានជនរួមជាតិខ្មែរយើងឆ្លងជំងឺនេះ សូមធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖
* អាជ្ញាធរម៉ាឡេស៊ី៖ Tel Free: 114, 03-88810200, 03-88810600, 03-88810700
* ស្ថានឯកអគ្គរាជទូតខ្មែរ៖ 03-42571150, 017-792 368 (កិច្ចការកុងស៊ុល) និង 017 794 066 (កិច្ចការពលករ)។
គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ ម៉ាឡេស៊ី មានអ្នកឆ្លង COVID-19 ១,១៨៣ករណី ក្នុងនោះមាន១១៤នាក់ បានជាសះស្បើយទាំងស្រុង៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ឯកស្ថានអគ្គរាជទូតខ្មែរ ប្រចាំប្រទេសម៉ាឡេស៊ី៖