(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលទើបសម្រុកចេញពីប្រទេសថៃ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ក្នុងរយៈពេល១៤ថ្ងៃ ព្រមទាំងទៅជួបគ្រូពេទ្យ ឬមន្ដ្រីសុខាភិបាលមូលដ្ឋានជាបន្ទាន់ នៅពេលដែលដឹងខ្លួនថា មានអាការៈមិនស្រួល ដើម្បីចូលរួមទប់ស្កាត់ទាំងអស់គ្នាកុំឲ្យ COVID-19 កាន់តែរីករាលដាលខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជារបស់យើង។
ការចេញមកអំពាវនាវភ្លាមៗ របស់ក្រសួងសុខាភិបាលខាងលើនេះ ក្រោយពីគេសង្កេតឃើញថា ជាពិសេសនៅថ្ងៃនេះតែម្ដង ពលរដ្ឋខ្មែរបានសម្រុកនាំគ្នា ចាកចេញពីប្រទេសថៃ ជាប់ព្រំដែនជាមួយកម្ពុជា ក្រោយពីរដ្ឋាភិបាលថៃ បានប្រកាសបិទច្រកព្រំដែនទាំងអស់ លើកលែងតែការដោះដូរទំនិញ ដើម្បីទប់ស្កាត់ការរីករាលដាល COVID-19 ខណៈដែលប្រទេសក្បែរខាងកម្ពុជាមួយនេះ មានអ្នកឆ្លងកើនឡើងជិត៦០០នាក់។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានធ្វើការជាមួយកម្លាំងនគរបាល តាមច្រកទ្វារព្រំដែនទាំងអស់ អនុវត្តនូវវិធានបឋមតាមរយៈការពិនិត្យកំដៅរបស់បងប្អូនពលរដ្ឋខ្មែរ ដែលចេញពីប្រទេសថៃ។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា «ថៃមានអត្រាអ្នកឆ្លងរហូតជិត៦០០នាក់ ដូច្នេះសូមលើកទឹកចិត្តបងប្អូនដែលមកពីប្រទេសថៃ ត្រូវដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ដើម្បីបង្ការការចម្លងទៅកាន់ក្រុមគ្រួសាររបស់គាត់ ហើយត្រូវអនុវត្តវិធានការអនាម័យជាប្រចាំ»។
យ៉ាងណាក៏ដោយ គិតត្រឹមរសៀលថ្ងៃនេះ បណ្ដាញព័ត៌មាន Fresh News មិនទាន់អាចសុំការបញ្ជាក់តួលេខផ្លូវការ និងថាតើប្រជាពលរដ្ឋខ្មែរ មានចំនួនប៉ុន្មានរយនាក់ ដែលបានសម្រុកចេញពីប្រទេសថៃនោះទេ?។
មន្ដ្រីនគរបាលអន្ដោប្រវេសន៍នៅច្រកទ្វារព្រំដែនអន្ដរជាតិដូង ក្នុងខេត្តបាត់ដំបង ដែលប្រឈមនឹងច្រកឡែម ក្នុងខេត្តច័ន្ទបុរី ប្រទេសថៃ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ បងប្អូនពលករខ្មែរ បាននាំគ្នាសម្រុកចេញពីប្រទេសថៃ ក្រោយថៃបានប្រកាសបិទព្រំដែន ប៉ុន្ដែមិនមានតួលេខពិតប្រាកដនៅក្នុងដៃនោះឡើយ។
សម្រាប់ការវាយកំដៅក៏ធ្វើឡើងមិនបានគ្រប់គ្នាទាំងអស់នោះទេ ដោយសារតែពលករខ្មែរខ្លះ គាត់ប្រញាប់ស្រូតចូលក្នុងប្រទេស ដើម្បីធ្វើដំណើរបន្ដទៅកាន់ផ្ទះរបស់ពួកគាត់។
លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យ និងជាប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ផងដែរថា ក្រសួងមានវិធានការចាំបាច់ចំនួន៥ ឬអាចហៅថា ជាវិធានការ ៥ស្រទាប់ ដើម្បីទប់ស្កាត់ និងតាមដានពលករខ្មែរមកពីប្រទេសថៃ រួមមាន៖
* ទី១៖ មានការត្រួតពិនិត្យកំដៅនៅតាមព្រំដែនជាមួយនគរបាល
* ទី២៖ ត្រូវនៅដាច់ដោយឡែក ក្នុងរយៈពេល ១៤ថ្ងៃ
* ទី៣៖ នៅពេលមានរោគសញ្ញាណាមួយកើតឡើង ត្រូវទូរស័ព្ទជាបន្ទាន់ទៅកាន់លេខ ១១៥ ដើម្បីពិគ្រោះយោបល់ជាមួយមន្ដ្រីសុខាភិបាល
* ទី៤៖ នៅពេលមិនស្រួលខ្លួន ត្រូវទៅជួបជាមួយមន្ដ្រីសុខាភិបាលមូលដ្ឋានជាបន្ទាន់
* ទី៥៖ ក្រសួងមានប្រព័ន្ធតាមដាន និងឃ្លាំមើលជាប្រចាំ ទៅលើពលរដ្ឋខ្មែរទាំងនោះ។
កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញសេចក្ដីណែនាំ ពីវិធីដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក ក្នុងរយៈពេល១៤ថ្ងៃ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ នៅតាមផ្ទះជាលក្ខណៈបុគ្គល។
ក្រៅពីការបង្ហាញនីតិវិធីដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីគេ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានណែនាំទៅអាជ្ញាធរមូលដ្ឋាន និងមន្ដ្រីសុខាភិបាលមូលដ្ឋាន ត្រូវតាមឃ្លាំមើលជានិច្ចដើម្បីឲ្យប្រាកដថា បុគ្គលដែលត្រូវបានធ្វើចត្តាឡីស័កដោយខ្លួនឯង អនុវត្តតាមត្រឹមត្រូវតាមការណែនាំនេះ។
សូមបញ្ជាក់ថា នៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលថៃ បានឱ្យដឹងថា អ្នកឆ្លងថ្មីនៃ COVID-19 ១៨៨ករណីបន្ថែមទៀត ត្រូវបានរាយការណ៍ធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៥៩៩នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
ដោយសារមានការចម្លងយ៉ាងច្រើនបែបនេះប្រទេសថៃ បានប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយប្រទេសកម្ពុជា នៅក្នុងខេត្ដបន្ទាយមានជ័យ, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន និងខេត្តកោះកុង ចាប់ពីថ្ងៃទី២៣ ខែមីនា រហូតដល់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ដោយពួកគេអះអាងថា ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺ COVID-19 ប៉ុន្តែសម្រាប់រថយន្តដឹកទំនិញចេញចូលនៅបន្តធម្មតា ក្រោមលក្ខខណ្ឌរឹតបន្តឹងខ្លាំង៕