(កំពង់ឆ្នាំង)៖ នៅចំពោះមុខការវិវត្តន៍ និងរាតត្បាតកាន់តែច្រើន នៃជំងឺផ្លូវដង្ហើម COVID-19 ក្នុងរយៈពេលជាច្រើនថ្ងៃកន្លងមកនេះ ក្រុមវេជ្ជបណ្ឌិត និងបុគ្គលិកសុខាភិបាលជាង ៦០នាក់ របស់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បានខិតខំព្យាយាមទាំងយប់ទាំងថ្ងៃ ដើម្បីរាំងស្កាត់ការរីករាលដាល នៃជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ។ ឆ្លងកាត់ការលំបាកទាំងនេះ ក្រុមវេជ្ជបណ្ឌិតទាំងអស់ តែងតែបំពេញភារកិច្ចរបស់ខ្លួននៅខ្សែត្រៀមជួរមុខ ដោយយកចិត្តទុកដាក់យ៉ាងល្អបំផុត។
នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ វេជ្ជបណ្ឌិត និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច បានបញ្ជាក់ឱ្យដឹងថា ពួកគេកំពុងអនុវត្តវិធានការជាបន្តបន្ទាប់ សម្រាប់ប្រយុទ្ធទប់ទល់នឹងជំងឺឆ្លង COVID-19 ដើម្បីការពារសុខភាពជូនប្រជាពលរដ្ឋ។ ក្នុងស្មារតី គោរពស្រឡាញ់ ប្រជាពលរដ្ឋ ដោយពុំមានការរើសអើងឡើយ ក្នុងរយៈពេល ប៉ុន្មានថ្ងៃកន្លងមកនេះ កម្លាំងពេទ្យជួរមុខទាំងអស់ គឺត្រូវប្រឈមមុខនឹងគ្រោះថ្នាក់រួមទាំងហានិភ័យខ្ពស់បណ្តាលមកពីជំងឺមួយនេះ។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ក៏ក្រុមគ្រូពេទ្យរបស់យើង បានព្យាយាមលុបបំបាត់ការភ័យខ្លាចរបស់ខ្លួន ដោយគ្រូពេទ្យយើងទាំងអស់ សុទ្ធតែមានបំណងចង់គ្រប់គ្រង និងមិនទុកអោយជំងឺរាលដាលបន្តនៅក្នុងសហគមន៍នោះឡើយ។
ក្រុមគ្រូពេទ្យជួរមុខបានបន្តថា ពួកគេទាំងអស់គ្នាមានគោលបំណងរួម គឺដើម្បីការពារសហគមន៍របស់ពួកគេអោយឆ្លងផុតតំណាក់កាលជម្ងឺរាតត្បាតមួយនេះ។ ពួកគេពិតជាមានមោទនភាពណាស់ ដែលជាអ្នកត្រួស ត្រាយក្នុងការការពារ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ព្រោះថា ពួកគេអាចពិនិត្យមើលករណីនីមួយៗ ដោយប្រយ័ត្នប្រយែងចៀសវាងមិនឲ្យមានករណីណាមួយកើតឡើង ពោលគឺធានាបាននូវសុខភាព និងសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា។
វេជ្ជបណ្ឌិតនៅទីនេះ ផ្តោតសំខាន់លើការព្យាបាលអ្នកជំងឺ COVID-19 ចំនួន ៣នាក់ ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែក ស្រុកកំពង់ត្រឡាចនេះ ទាំងយប់ទាំងថ្ងៃ និងតាមដានសុខភាព របស់ពួកគាត់យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ជាពិសេសកំពុងតែតាមរកប្រជាពលរដ្ឋមួយចំនួនទៀត ដែលសង្ស័យថាឆ្លងជំងឺនេះ ដើម្បីយកមកធ្វើតេស្ត រកមេរោគជាបន្តទៀតផងដែរ។
ទាក់ទងជាមួយអ្នកជម្ងឺ Covid -19 ទាំងបីនាក់ដែលកំពុងសម្រាកព្យាបាលនេះ គឺខាងមន្ទីរពេទ្យបានតម្រូវឱ្យមានការយក ចិត្តទុកដាក់បន្ថែមទៀត ពោលគឺយកចិត្តទុកដាក់ ចំពោះអាហារ ការគេងជាពិសេសត្រូវការយកចិត្តទុកដាក់យ៉ាងខ្លាំងជាងអ្វីៗទាំងអស់ ដើម្បីកុំឱ្យឆ្លងជំងឺហើយ ក៏មិនធ្វើជាអន្តរការី នៃការចម្លងវីរុសទៅផ្នែកខាងក្រៅបានឡើយ។
ក្នុងនាមជាអ្នកប្រយុទ្ធជួរមុខ ក្រុមគ្រូពេទ្យទាំងអស់ បានអនុវត្តន៍ការព្យាបាលអ្នកជំងឺ COVID-19 ហើយការខិតខំប្រឹងប្រែងរបស់គ្រូពេទ្យជួរមុខនេះ កំពុងបង្ហាញពីទិសដៅត្រឹមត្រូវ សម្រាប់វិស័យសុខាភិបាលរបស់កម្ពុជា ដែលកំពុង «ព្យាបាលនៅកន្លែង» ដែលវិធីនេះ ជួយកាត់បន្ថយហានិភ័យ នៃការរាលដាលជំងឺដល់សហគមន៍ និងកាត់បន្ថយហានិភ័យ នៃការឆ្លងនៅតាមមន្ទីរពេទ្យធំៗ បានផងដែរ។
សូមបញ្ជាក់ថា សម្រាប់ខេត្តកំពង់ឆ្នាំងទាំងមូលមានអ្នកឆ្លង COVID-19 ចំនួន ៣នាក់ ក្នុងចំណោមអ្នកឆ្លងទូទាំងប្រទេសចំនួន ៥៣នាក់៕